ប្រទេសថៃ ៖ អាជ្ញាធរថៃ បានសម្រេចបិទក្លឹបរាត្រី ដ៏ធំមួយ នៅតំបន់រាំងស៊ីត រយៈពេល៥ឆ្នាំ ដោយសារអនុ ញ្ញាតឲ្យយុវវ័យក្រោម២០ឆ្នាំ ចូលកម្សាន្ត បន្ទាប់ពីបានឆ្មក់ចុះត្រួតពិនិត្យ កាលពីរាត្រីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ រក ឃើញមានយុវវ័យក្រោមអាយុ ២០ឆ្នាំ ជិត៥០០នាក់ ចូលប្រើប្រាស់សេវាកម្សាន្ត។

ក្លឹបរាត្រីនោះ មានឈ្មោះថា «ឋានសួគ៌រាំងស៊ីត» (HEAVEN Rangsit) ក្នុងខេត្តប៉:ធុមថានី ។ ប្រតិបត្តិការឆ្មក់ចូលពិនិត្យក្លឹបរាត្រីនេះ សមត្ថកិច្ចបានរកឃើញអ្នកដើរលេងយប់ អាយុក្រោម ២០ឆ្នាំ ចំនួន ៤៨៩ នាក់ ក្នុងនោះក្មេងជាងគេមានអាយុត្រឹមតែ ១៦ឆ្នាំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្លឹបរាត្រីខាងលើ មានទំហំធំ អាចផ្ទុកមនុស្សបានដល់ទៅ ១០០០នាក់ នៅខាងក្នុង មាន ទំហំធំទូលាយ។ មានច្រកចូល និងច្រកចេញជាច្រើនជាន់ ដែលមានទ្វារកញ្ចក់។ នៅមុខហាង មានរថ យន្តរាប់រយគ្រឿង បានចតតម្រង់ជួរ។ បន្ទាប់មក អ្នកស៊ើបការណ៍បានចុះទៅពិនិត្យនៅក្នុងហាង បានរកឃើញ ថា អ្នកចូលកម្សាន្តភាគច្រើន ជាសិស្ស អនីតិជន ហើយបានកត់សម្គាល់ឃើញ ពេលមន្ត្រីចុះមកពិនិត្យ ហាង នេះជម្លៀសភ្ញៀវជាក្មេងអាយុក្រោម ២០ឆ្នាំ ចាកចេញតាមផ្លូវក្រោយហាង ជាបណ្តើរៗ ដើម្បីបញ្ចៀសពីមន្ត្រីប៉ូ លិស ហើយពេលមន្ត្រីត្រឡប់ទៅវិញ គេនឹងឱ្យក្មេងៗចូលក្នុងហាងវិញ។

លោកវរសេនីយ៍ទោ កៀតទិស័ក្តិ មីតប្រាសាទ (Kiattisak Mitprasat) អធិការនគរបាល បានបង្ហើបថា អ្នកគ្រប់គ្រងក្លឹបរាត្រីនេះ ត្រូវបាននាំខ្លួនយកទៅសាកសួរ ខណះម្ចាស់ក្លឹបបានធ្វើដំណើរទៅក្រៅប្រទេស ។អ្នកគ្រប់គ្រងក្លឹបរាត្រីនេះ អាចប្រឈមនឹងវិធានការផ្លូវច្បាប់ លើការចោទប្រកាន់ពីបទ លក់គ្រឿងស្រវឹងដល់ យុវជនអាយុក្រោម២០ឆ្នាំ និងលក់គ្រឿងស្រវឹងក្នុងម៉ោងហាមឃាត់ បន្ទាប់មក ក៏មានបញ្ហាជាមួយច្បាប់មជ្ឈ មណ្ឌលសេវាកម្ម និងច្បាប់ការពារកុមារផងដែរ៕
