ពិស្ណុលោក (ប្រទេសថៃ) ៖ សមត្ថកិច្ចចម្រុះថៃ បានអនុវត្តដីកាតុលាការ ចុះឆែកឆេរផ្ទះអ្នកផលិតយូធូបម្នាក់ រកឃើញកាំភ្លើងវែងខ្លី ចំនួន៨៧ដើម និងគ្រាប់កាំភ្លើងច្រើនប្រភេទ ចំនួន ជិត៥ពាន់គ្រាប់។

តាមប្រភពបណ្តាញព័ត៌មានថៃ (ថៃរ៉ាត់) បានរាយការណ៍ថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ វរវឌ្ឍ វឌ្ឍនខនបាន់ឆា អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទថៃ បានឲ្យដឹងថា លោកបានបញ្ជាឧត្តមសេនីយ៍ទោ អត្ថាសិទ្ធិ ស៊ុតស្ងួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទថៃ ឧត្តម សេនីយ៍ទោ ឈីតទិផន ផលប្រឹក្សា មេបញ្ជាការកងយោធពលខេមរភូមិន្ទថៃ វរសេនីយ៍ទោ អនុឆា ស៊្រីសំរូង អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទថៃ សហការជាមួយស្នងការដ្ឋាននគរបាល ស្រុកពិស្ណុលោកចុះ អនុវត្តដីការបស់សាលាដំបូងខេត្ត ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឆែកឆេរផ្ទះលេខ ៣៩៩/៩៩៩ ស្ថិតនៅភូមិលេខ១ ឃុំបានក្រាំង ស្រុកពិស្ណុលោក ដែលជាផ្ទះរបស់លោក ទ្រីស៊ីត វ៉ាជីរ៉ាស៊្រីស៊ិរិគុន អាយុ ៣៣ឆ្នាំ ជាអ្នកផលិត យូធូប (YouTuber) ម្ចាស់ឆាណែលយូធូប Tacticool BoB បានរកឃើញមានការបង្ហាញពីអាវុធ គ្រឿង បន្លាស់កាំភ្លើងជាច្រើនប្រភេទ ការណែនាំអំពីវិធីបាញ់កាំភ្លើងផងដែរ ដែលឆាណែលយូធូបនេះ មានអ្នកចូល ចិត្ត ១៩២០០នាក់ ដែលអាចជាករណីខុសច្បាប់។

ប្រភពដដែល បន្តថា ការឆែកឆេរផ្ទះខាងលើ បានរកឃើញកាំភ្លើងវែង និងកាំភ្លើងខ្លី ចំនួន ៨៧ដើម ព្រមទាំង គ្រាប់ចំនួន ៤៥៧៦គ្រាប់ ។

ករណីនេះ សមត្ថកិច្ចចម្រុះ បានដកហូតអាវុធ និងគ្រាប់រំសេវទាំងអស់ យកទៅពិនិត្យ ដើម្បីកំណត់ពីប្រ ភពដើមនៃការកាន់កាប់។ ជាបឋម សមត្ថកិច្ចបានចោទប្រកាន់បុរសខាងលើ ពីបទ “កាន់កាប់អាវុធ និង គ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត» មុននឹងឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងដែលរឹបអូសបាន យក ទៅប្រគល់ឲ្យមន្ត្រីស៊ើបអង្កេត នៃស្នងការដ្ឋានស្រុកពិស្ណុលោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕