យេម៉ែន ៖ ក្រុមឧទ្ទាម Houthi របស់យេម៉ែន ដែលគាំទ្រក្រុមហាម៉ាស់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារកប៉ាល់ដឹកទំនិញពីរបន្ថែមទៀត ដែលធ្វើដំណើរកាត់សមុទ្រក្រហម បន្ទាប់ពីក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារជាបន្តបន្ទាប់ លើកប៉ាល់ឈ្មួញដែលទាក់ទងនឹងអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា សង្គ្រាមអ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា ដើម្បីបង្ក្រាបក្រុមហាម៉ាស់ នាំឲ្យមានការបះបោររបស់ពួកឧទ្ទាម Houthi នៅយេម៉ែន ដែលគាំទ្រក្រុម ហាម៉ាស់ បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ប្រដាប់អាវុធ ទៅវាយប្រហារលើកប៉ាល់ឈ្មួញ ពីរគ្រឿងដែល ឆ្លងកាត់សមុទ្រក្រហម ដែលវាជាការវាយប្រហារចុងក្រោយបង្អស់ លើកប៉ាល់ដឹកទំនិញ ដែលកំពុងមានឥទ្ធិ ពលខ្លាំងលើការដឹកជញ្ជូនជុំវិញពិភពលោក បណ្តាលឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើន ប្រកាសផ្លាស់ប្តូរផ្លូវដឹក ជញ្ជូន។

អ្នកនាំពាក្យក្រុម Houthi លោក Yahya Zaria បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថា នាវាពីរ គ្រឿងដែលត្រូវបានវាយប្រហារដោយពួក Houthi គឺនាវា Swan Atlantic ដែលជាកម្មសិទ្ធិរបស់ក្រុម ហ៊ុនន័រវេយ៍ និងនាវាដឹកទំនិញរបស់ប៉ាណាម៉ា MSC Clara ។
ក្រុមឧទ្ទាម Houthi បានវាយប្រហារលើកប៉ាល់ដឹកទំនិញ Swan Atlantic បន្ទាប់ពីនាវិក មិនបានឆ្លើយតប។ ក្រុមហ៊ុន Norwegian ដែលជាម្ចាស់ Swan Atlantic ក្រោយមកបានបង្ហើបថា Swan Atlantic ត្រូវបានវាយ ប្រហារដោយវត្ថុមិនស្គាល់អត្តសញ្ញាណមួយ។ ប៉ុន្តែមិនមានសមាជិកនាវិកណាម្នាក់រងរបួសទេ។ កប៉ាល់ដឹកទំនិញទីពីរ MSC Clara មានដើមកំណើតនៅប៉ាណាម៉ា។ ព័ត៌មានលម្អិតនៃការខូចខាត នៅមិនទាន់ ដឹងនៅឡើយទេ។

សូមបញ្ជាក់ថា ក្រុមឧទ្ទាម Houthi បានចាប់ផ្តើមវាយប្រហារកប៉ាល់ដឹកទំនិញដែលឆ្លងកាត់សមុទ្រក្រហម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយក្រុមឧទ្ទាមនេះ បានព្រមានថា ពួកគេកំពុងកំណត់គោល ដៅលើកប៉ាល់ដឹកទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅតំបន់ហ្គា ហ្សាស្ទ្រីប បណ្តាលឲ្យប្រជាជនប៉ាឡេស្ទីន ស្លាប់ជាង ១៨ ០០០នាក់។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាវាដឹកប្រេង ឈ្មោះ Strinda របស់ន័រវេយ៍ ក៏បានរងការវាយ ប្រហារផងដែរ ដែលគេសង្ស័យថា ជាស្នាដៃពួកឧទ្ទាម Houthi នេះផងដែរ៕