ប្រទេសរុស្ស៉ី ៖ ស្ត្រីជាប្រពន្ធរបស់ទាហានរុស្ស៉ី បានចេញវីដេអូ សំណូមពរស្នើសុំប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដើម្បីឲ្យប្តីរបស់ពួកគេ បានវិលត្រឡប់មកជួបជុំប្រពន្ធកូនវិញ។

ស្ត្រីវ័យក្មេងម្នាក់ ឈ្មោះប៉ូលីណា (Paulina) បីកូនប្រុសតូចនៅក្នុងដៃ បាននិយាយក្នុងវីដេអូ បង្ហោះតាម បណ្តាញសង្គមថា នាងនឹកប្តី ចង់ឲ្យប្តីនាងដែលជាទាហានកំពុងនៅសមរភូមិអ៊ុយក្រែន បានមករស់នៅជុំគ្នា វិញ ដោយនាងបានសំណូមពរលោកប្រធានាធិបតី ពូទីន ឈប់បញ្ជូនទាហានរុស្ស៉ី ទៅស្លាប់ក្នុងសង្គ្រាម អ៊ុយក្រែន ទៀត។

ស្ត្រីកូនមួយរូបនេះ បាននិយាយទាំងទឹកភ្នែកថា សូមលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ឈប់សង្គ្រាមជា មួយអ៊ុយក្រែន នោះទៅ ដើម្បីឲ្យយុទ្ធជនរុស្ស៉ី បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារ ប្រពន្ធកូនវិញ។ចំណែកស្ត្រីម្នាក់ទៀត វ័យប្រមាណ ជាង៣០ឆ្នាំ បាននិយាយថា ប្តីរបស់នាង ជាទាហានដែលបានរងរបួស ក្នុងសង្គ្រាមនៅអ៊ុយក្រែន ត្រូវបានបញ្ជូនមកសម្រាកព្យាបាល ហើយពេលនេះកំពុងត្រូវបានមេបញ្ជាការ បង្ខំឲ្យវិលទៅសមរភូមិវិញ ។ នាងបានស្នើសុំឲ្យលោកប្រធានាធិបតី បញ្ឈប់ការធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន ដើម្បីឲ្យប្រជាជនរុស្ស៉ី និងអ៊ុយក្រែន បានរស់នៅជួបជុំគ្រួសារ ក្នុងសុខសន្តិភាព។

សូមបញ្ជាក់ថា ការទាមទាររបស់ស្ត្រីជាប្រពន្ធទាហានរុស្ស៉ី ឱ្យលោកប្រធានាធិបតី ពូទីន បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ខាងលើនេះ ធ្វើឡើងស្របពេលមានការកើនឡើងនៃការតវ៉ានៅក្នុងប្រទេសរុស្ស៉ី ប្រឆាំងនឹង សង្រ្គាមដែលលោកពូទីន បង្កឡើង វាយប្រហារទៅលើប្រទេសអ៊ុយក្រែន ៕

