អ៊ីស្រាអែល ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កងទ័ពអ៊ីស្រាអែល បានរកឃើញផ្លូវរូងក្រោមដីសម្ងាត់ ដ៏ធំមួយ របស់ពួកហាម៉ាស់ (Hamas) ប្រវែង៤គីឡូម៉ែត្រ នៅព្រំដែនហ្គាហ្សា ដែលវាត្រូវបានគេជឿថា ជាផ្លូវសម្ងាត់ សម្រាប់ដឹកជញ្ជូនសព្វាវុធ និងជាផ្លូវមួយផ្សេងទៀត ដែលប្រើដើម្បីវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងការពារជាតិអ៊ីស្រាអែល បានចេញផ្សាយឃ្លីបវីដេអូមួយ បង្ហាញពីការរកឃើញផ្លូវរូងក្រោមដីសម្ងាត់មួយ របស់ពួកហាម៉ាស់។ ផ្លូវរូងក្រោមដីនសម្ងាត់នេះ ត្រូវបានគេគិតថា វាត្រូវបានគេប្រើជាផ្លូវដឹកជញ្ជូនសព្វាវុធ នៅជិតចំណុចឆ្លង ព្រំដែនសំខាន់ ក្នុងតំបន់ហ្គាហ្សា។
លោកយាវ ហ្គាឡែនថ៍ (Yaev Gallant) រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានចូលរួមរុករកផ្លូវរូងក្រោម ដីនេះ ដែលមានប្រវែងប្រហែល ៤គីឡូម៉ែត្រ។

រដ្ឋាភិបាលអ៊ីស្រាអែល កំពុងប្រឈមមុខនឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ពីសម្ព័ន្ធមិត្តជិតដិតបំផុតមួយ ចំនួន នៅអឺរ៉ុប និងពីបាតុករក្នុងប្រទេស បន្ទាប់ពីការវាយប្រហារជាច្រើន ដែលបង្កើនការព្រួយបារម្ភអំពីអាកប្ប កិរិយារបស់រដ្ឋាភិបាល ក្នុងអំឡុងពេលសង្រ្គាម រយៈពេល ១០សប្តាហ៍មកនេះ៕