កូរ៉េខាងជើងការពារការបាញ់បង្ហោះផ្កាយរណបនៅអង្គការសហប្រជាជាតិ នៅពេលដែលលោក Kim ថតរូប សេតវិមានឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបានបង្ហាញខ្លួនដ៏កម្រនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកាដើម្បីការពារការបាញ់បង្ហោះផ្កាយរណបចារកម្មប្រទេសរបស់លោកខណៈដែល មេដឹកនាំគីម ជុងអ៊ុន បានសិក្សារូបភាពទទួលបានពីផ្កាយរណបដែលមាន ទាំងរូបសេតវិមាននិងមន្ទីរបញ្ច កោណ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃអង្គារទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២៣។

មហាអំណាចលោកខាងលិច ជប៉ុន និងកូរ៉េខាងត្បូង បាននិយាយថាកូរ៉េខាងជើងបានរំលោភលើដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដោយការបាញ់បង្ហោះផ្កាយរណបបានជោគជ័យកាលពីសប្តាហ៍មុន។រដ្ឋផ្តាច់ការមួយនេះបាននិយាយថាផ្កាយរណបឈ្លបយកការណ៏របស់ខ្លួននៅលើមេឃបានផ្តល់រូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជារូបថតនៃរដ្ឋធានីរ៉ូមរបស់ប្រទេស អ៊ីតាលីផង ដែរ។
កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានយករូបភាព លម្អិត នៃសេតវិមាន និងមន្ទីរបញ្ចកោណក្នុងទីក្រុងវ៉ាស៊ីនតោន ពីផ្កាយរណបចារកម្មរបស់ខ្លួន ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ដែលបាននិយាយថា លោក Kimកំពុងពិនិត្យមើលរូបថតនោះ។
របាយការណ៍បាននិយាយថា លោកគីម ជុងអ៊ុន ក៏បានរាប់ចំនួននាវាផ្ទុកយន្តហោះមួយចំនួន នៅឯមូលដ្ឋាន យោធា និងកន្លែងផលិតនាវាចម្បាំងក្នុងរដ្ឋជិតខាង Virginia ផងដែរ។នៅឯក្រុមប្រឹក្សាសន្តិសុខឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិលោកគីមស៊ុងបានត្អូញត្អែរថាប្រទេសផ្សេងទៀតមិនប្រឈមមុខនឹងការរឹតបន្តឹងលើផ្កាយរណបទេ។លោកបន្តថាគ្មានប្រទេសណាផ្សេងទៀតនៅលើពិភពលោកដែលស្ថិតក្នុងបរិយាកាសសន្តិសុខតឹងរឹងដូចកូរ៉េខាងជើងនោះទេ។
លោកបាននិយាយថាភាគីដែលមានជម្លោះមួយគឺសហរដ្ឋអាមេរិកកំពុងគំរាមកំហែងយើងដោយអាវុធនុយក្លេអ៊ែរ។វាជាសិទ្ធិស្របច្បាប់សម្រាប់កូរ៉េខាងជើង ក្នុងនាមជាភាគីបង្កជម្លោះមួយផ្សេងទៀត ក្នុងការអភិវឌ្ឍន៍សាក ល្បងផលិតនិងមានប្រព័ន្ធសព្វាវុធស្មើនឹងអាវុធដែលសហរដ្ឋអាមេរិកមាន ឬកំពុងអភិវឌ្ឍ។ជាមួយគ្នានេះដែរលោកបានចំអកការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាបច្ចេកវិទ្យាផ្កាយរណបក៏បានជួយកូរ៉េខាងជើងពង្រឹងសមត្ថភាពមីស៊ីលរបស់ខ្លួនផងដែរ ដោយចោទសួរថាតើសហរដ្ឋអាមេរិក ដាក់ផ្កាយរណប ទៅក្នុងគន្លងតារាវិថី ដោយមីស៊ីលដែរឬទេ។
ឯកអគ្គរដ្ឋទូតអាមេរិក Linda Thomas-Greenfield បានច្រានចោលការអះអាងរបស់កូរ៉េខាងជើងថា ខ្លួនកំពុង ធ្វើសកម្មភាពក្នុងការការពារខ្លួន ហើយបាននិយាយថា សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាទម្លាប់និង ការពារធម្មតា។

លោកស្រីបានបន្ថែមថាយើងមានចេតនាកាត់បន្ថយហានិភ័យ និងបន្តតម្លាភាពដោយការប្រកាសសមយុទ្ធជា មុន រួមទាំងកាលបរិច្ឆេទនិងសកម្មភាពមិនដូចទង្វើរបស់កូរ៉េខាងជើងទេ។សមយុទ្ធនេះមិនបានរំលោភលើដំ ណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខទេ។
ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយថា រុស្ស៊ីដែលចង់បានជំនួយពីកូរ៉េខាងជើងយកទៅច្បាំង ជាមួយអ៊ុយក្រែន បានជួយកូរ៉េខាងជើងនៅលើផ្កាយរណប បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោកគីម និងប្រធា នាធិបតី វ្ល៉ាឌីមៀ ពូទីន។
សហរដ្ឋអាមេរិកបាននិយាយកាលពីខែមុនថា ប្រទេសកូរ៉េខាងជើងបានប្រគល់កុងតឺន័រជាង ១០០០ នៃសម្ភារៈ យោធា និងគ្រាប់បែកទៅឱ្យប្រទេសរុស្ស៊ី។
រុស្ស៊ី និងចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង បានដាក់ចេញនូវដំណោះ ស្រាយដែលប្រឆាំង ដោយសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បី លើកទឹកចិត្តដល់ការសន្ទនា។បេសកជនចិនលោក Geng Shuang បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទធ្វើ ឱ្យភាពតានតឹង និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងតាមរយៈសម្ព័ន្ធមិត្ត យោធារបស់ខ្លួនជាមួយកូរ៉េខាង ត្បូង ៕