រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះរ៉ុក្កែតផ្ទុកផ្កាយរណបឈ្លបយកការណ៍នៅក្នុងរយៈពេលប្រាំបួនថ្ងៃបន្ទាប់ពីបរាជ័យពីរក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍យោធាទៅកាន់គន្លងតារាវិថីកាលពីដើមឆ្នាំនេះ។យោងតាមឆ្មាំឆ្នេរសមុទ្រជប៉ុន បានឱ្យដឹងថា កូរ៉េខាងជើងបានកំណត់ការបាញ់បង្ហោះចាប់ពីម៉ោង១២និង១នាទីថ្ងៃពុធ ទី ២២ ខែវិច្ឆិកា ព្រឹកថ្ងៃពុធ រហូតដល់ម៉ោង១១និង៥៩នាទីយប់នៅថ្ងៃទី៣០ខែវិច្ឆិកាឈានចូលដល់ថ្ងៃទី ១ធ្នូ។

យោងតាមការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីហ្វ៊ូមី អូគីស៊ីដាបានប្រាប់រដ្ឋាភិបាលរបស់លោកឱ្យព្យាយាមពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ក្នុងការលុបចោលផែនការនេះ ដោយសហការជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មានថាប្រសិនបើ កូរ៉េខាងជើងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង នោះនឹងបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើទោះបីជាគោលរបស់កូរ៉េខាងជើងបបាញ់បង្ហោះផ្កាយរណបក៏ដោយ ។
រាល់សកម្មភាពរបស់កូរ៉េខាងជើងដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងរួមទាំងការប៉ុនប៉ងបញ្ជូនផ្កាយរណបទៅកាន់ទីអវកាសដោយគ្រាប់រ៉ុក្កែតត្រូវបានហាមឃាត់ក្រោមដំណោះស្រាយ។
នាយករដ្ឋមន្ត្រីបាននិយាយថា ប្រទេសជប៉ុននឹងខិតខំប្រឹងប្រែងជាអតិបរមាក្នុងការប្រមូល និងវិភាគព័ត៌មានអំពីការបាញ់បង្ហោះផ្កាយរណប។
ឆ្មាំសមុទ្រជប៉ុនបាននិយាយថា សេចក្តីជូនដំណឹងកំណត់តំបន់គ្រោះថ្នាក់ដែនសមុទ្រចំនួនបី ដែលគេជឿថាជាតំបន់ដែលកម្ទេចគ្រាប់រ៉ុក្កែតនឹងធ្លាក់ គឺពីរនៅខាងលិចឧបទ្វីបកូរ៉េនិងមួយទៀតនៅភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន។
លោក Hiroyuki Namazu ប្រធានការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្ររបស់ក្រសួងការបរទេសជប៉ុន បានពិភាក្សាតាមទូរស័ព្ទជាមួយលោក Jung Pak បេសកជនពិសេសអាមេរិកស្តីទីប្រចាំប្រទេសកូរ៉េខាងជើង និងលោកKimGunnតំណាងពិសេសរបស់កូរ៉េខាងត្បូងសម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ។ប្រទេសទាំងបីបានបញ្ជាក់ជាថ្មីថា ពួកគេនឹងរក្សាកិច្ចសហប្រតិបត្តិការត្រីភាគីយ៉ាងជិតស្និទ្ធ ហើយនឹងបន្តទាមទារឱ្យកូរ៉េខាងជើងបោះបង់ចោលការបាញ់បង្ហោះនេះ។ នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។បន្ទាប់ពីបរាជ័យពីរដងក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាទៅកាន់គន្លងផែនដីកាលពីខែឧសភា និងសីហាកូរ៉េខាងជើងបានប្រកាសផែនការបាញ់បង្ហោះមួយទៀតក្នុងខែតុលា ប៉ុន្តែមិនបានធ្វើទេ។កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won Sik បានប្រាប់កម្មវិធីទូរទស្សន៍មួយថា ប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា នៅចុងខែវិច្ឆិកា។នៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារ លោក Kishida បានប្រាប់ក្រសួងនិងភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលឱ្យរៀបចំយ៉ាងពេញលេញសម្រាប់ការបាញ់បង្ហោះផ្កាយរណបដែលអាចធ្វើទៅបាននេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃចន្ទទី ២០ វិច្ឆិកា យោធាកូរ៉េខាងត្បូងបានព្រមានកូរ៉េខាងជើងឱ្យបញ្ឈប់ជាបន្ទាន់នូវការរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មនិងប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ប្រសិនបើវាដំណើរការទៅមុខ។
លោក Kang Ho-pil ប្រធានប្រតិបត្តិការនៅអគ្គសេនាធិការចម្រុះបាននិយាយថាយើងព្រមានយ៉ាងម៉ឺងម៉ាត់ឱ្យកូរ៉េខាងជើង …។
លោកបានបន្ថែមថាប្រសិនបើប្រទេសកូរ៉េខាងជើងបន្តការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធា ទោះបីជាមានការព្រមានរបស់យើងក៏ដោយ យោធារបស់យើងនឹងចាត់វិធានការចាំបាច់ដើម្បីធានាអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ៕