យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃអង្គារទី១ ខែសីហា ឆ្នាំ២០២៣បានឲ្យដឹងថា អតីត មេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធាលើកលែងទោសក្នុងសំណុំ រឿងព្រហ្ម ទណ្ឌចំនួន ៥ក្នុងចំណោមបទចោទសរុបចំនួន១៩ដែលត្រូវជាប់ទោស៣៣ឆ្នាំ។តុលាការយោធាបានកាត់ទោសឲ្យលោកស្រីជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ ក្រោមបទចោទចំនួន ១៩ រាប់ចាប់ តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតដ្បិតជំងឺកូវីដ-១៩ជាដើម។លោកស្រីបានបដិសេធរាល់បទចោទប្រកាន់ទាំងអស់ដោយហៅថាមានចរិកនយោបាយ។ការប្រកាសនេះគឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧ពាន់នាក់ ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។

អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានឲ្យដឹងថាការលើកលែងទោសនេះមានន័យថាកាត់បន្ថយការ ជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំរបស់លោកស្រី។
លោកស្រី អ៊ុងសាន ស៊ូជី ដែលកាលពីសប្តាហ៍មុនបានផ្លាស់ប្តូរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី ណៃពិ ដោត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារនៅដើមឆ្នាំ ២០២១។ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនសម្រាប់ លោកស្រី ស៊ូជី ដែលត្រូវ បានតុលាការកាត់ទោស។ លោកស្រី ស៊ូជី ត្រូវបានលើកលែងទោសចំនួន ៥ករណី ប៉ុន្តែនៅតែត្រូវប្រឈមការ ចោទប្រកាន់ចំនួន ១៤ ផ្សេងទៀត។ មន្រ្តីច្បាប់មួយរូប បាននិយាយថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបាន ដោះលែងនោះទេ ទោះជាមានការលើកបទចោទមួយចំនួនក្តី។
អាមេរិកបារម្ភការបន្តដាក់ប្រទេសក្នុងភាពអាសន្ននិងពន្យារពេលបោះឆ្នោត

អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកមានការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់របបយោធាដែលកំពុងកាន់អំណាច ក្នុងការបន្តដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេលប្រាំមួយខែទៀត។
បន្ថែមពីការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន របបសឹកមីយ៉ាន់ម៉ាបានប្រកាស់ពន្យារពេលបោះឆ្នោតដែល បានសន្យាថានឹងរៀបចំនៅក្នុងខែសីហា ខណៈដែលខ្លួនកំពុងជាប់ដៃប្រយុទ្ធជាមួយក្រុម ប្រឆាំងរដ្ឋប្រហារនៅ ទូទាំងប្រទេស។
ជុំវិញការពង្រីកដាក់ប្រទេសក្នុងគ្រាអាសន្ននិងការបោះឆ្នោតប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រមុខរដ្ឋាភិបាល លោកមីន អ៊ុងឡាំង បានទទួលស្គាល់ថាប្រជាជាតិភាគច្រើនមិនស្ថិតនៅក្រោមការគ្រប់ គ្រងដោយយោធាពេញ លេញនោះទេ។

សេចក្តីថ្លែងការណ៍របស់យោធាបានបញ្ជាក់ថា ដើម្បីឱ្យមានការបោះឆ្នោតសេរី និងយុត្តិធម៌ និងគ្មានការភ័យ ខ្លាច ការរៀបចំសន្តិសុខចាំបាច់នៅតែត្រូវការ ដូច្នេះរយៈពេលសម្រាប់ស្ថានភាពអាសន្នត្រូវបានពង្រីកបន្ថែម។លោក Matthew Miller បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តដាក់រដ្ឋ ក្នុងភាពអាសន្នរបស់របបយោធាភូមា ដែលកើតឡើងនៅពេលដែលរបបនេះបានធ្វើ ឱ្យប្រទេសនេះធ្លាក់ចូល ទៅក្នុងអំពើហិង្សា និងអស្ថិរភាព។
លោក Miller បានបន្តថា ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីពីរឆ្នាំមុន របបយោធាបានធ្វើការវាយប្រហារតាមអាកាសរាប់រយដង ដុតបំផ្លាញផ្ទះរាប់ម៉ឺនខ្នង និងបានជម្លៀសប្រជាជន ជាង ១,៦ លាននាក់៕