ប្រភពពីគណបក្សភឿថៃបាននិយាយថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការបង្កើតរដ្ឋាភិបាលថ្មីត្រូវបានសម្រេចនៅក្នុងទីក្រុងហុងកុងរវាងនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកថាណាថនជ័ងរ៉ុងរួងឃីត (Thanathorn Juangroongruangkit) ដែលជាមេដឹកនាំនៃចលនាវឌ្ឍនភាព ។
ប្រភពបានឲ្យដឹងថា លោក ថាណាថន បានទៅទីក្រុងហុងកុងកាលពីព្រឹកថ្ងៃចន្ទ ហើយត្រឡប់ទៅប្រទេសថៃវិញនៅថ្ងៃបន្ទាប់។
ប្រភពបាននិយាយថា ពួកគេបានពិភាក្សាអំពីលទ្ធភាពដក គណបក្សឆ្ពោះទៅមុខចេញពីរដ្ឋាភិបាលថ្មី។ទោះជាយ៉ាងណាគេមិនបានផ្តល់ព័ត៌មានលម្អិតទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ លោក Chuvit Kamolvisit អះអាងថា ភឿថៃ បានចុះកិច្ចព្រមព្រៀងជាមួយគណបក្សភូមិចៃថៃ (Bhumjaithai )និងគណបក្សផាឡាង ប្រាឆារ៉ាត់ (PPRP) ដើម្បីបង្កើតរដ្ឋាភិបាលដែលមានសមាជិកសភាសរុបចំនួន ២៧៩ រូប ដោយមិនរាប់បញ្ចូលគណបក្សឆ្ពោះទៅមុខ(MFP)។លោកបានបន្តថាជាមួយនឹងការបង្កើតក្រុមចម្រុះថ្មីបែបនេះ គណបក្ស MFP គណបក្ស United Thai Nation និងគណបក្សប្រជាធិបតេយ្យនឹងក្លាយទៅជាគណបក្សប្រឆាំង។
បាតុករសុំឲ្យ ភឿថៃកុំក្បត់ភីតា
ក្រុមអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានសុំឲ្យគណបក្សភឿថៃរក្សាជំហររបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលប្រជាធិបតេយ្យជាមួយគណបក្សផ្លាស់ទីទៅមុខនិងជុំរុញសមាជិកព្រឹទ្ធសភាស្តាប់សំឡេងប្រជាជន។
ពួកគេក៏បានជំរុញឱ្យគណបក្សនយោបាយនិងសមាជិកព្រឹទ្ធសភាបញ្ឈប់ការគិតថាការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ មានគោលបំណងផ្តួលរំលំរបបរាជានិយម ដោយនិយាយថាវាមានគោលបំណងស្វែងរកដំណោះស្រាយត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ប្រទេស។
សកម្មជននយោបាយ Thatchapong Kaedam បាននិយាយថា ប្រសិនបើបក្សភឿថៃក្បត់សម្ព័ន្ធនោះវានឹងប្រឈមមុខនឹងការផ្តន្ទាទោសពីប្រជាជន ដោយបន្ថែមថា គណបក្សគួរតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ខ្លួន ដើម្បីគេចចេញពីគម្រោងរបស់គណបក្សអភិរក្សនិយម ៕