សហរដ្ឋអាមេរិកបានចោទប្រកាន់យន្តហោះចម្បាំងរុស្ស៊ីថាបានហោះហើរយ៉ាងគ្រោះថ្នាក់ជិតយន្តហោះគ្មានមនុស្សបើក របស់ខ្លួនលើប្រទេសស៊ីរី ដោយបានបាញ់ភ្លើង និងបង្ខំឱ្យយន្តហោះ MQ-9 Reapers គេចវេស។ឧត្តមសេនីយ Alexus Grynkewich មេបញ្ជាការទ័ពអាកាសទី៩ នៅមជ្ឈិមបូព៌ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើកបីគ្រឿងរបស់អាមេរិកបានហោះឡើងនៅពេលនៃឧបទ្ទវហេតុនៅព្រឹកថ្ងៃពុធ។
គាត់បានចោទប្រកាន់យន្តហោះរុស្ស៊ីពីបទ រំខានយន្តហោះគ្មានមនុស្សបើកដែលកំពុង ចូលរួមក្នុងបេសកកម្មប្រឆាំងនឹងក្រុម ISIS ។

លោកបាននិយាយថាយន្តហោះយោធារុស្ស៊ីបានចូលរួមក្នុងអាកប្បកិរិយាមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ ខណៈពេលដែលធ្វើអន្តរកម្មជាមួយយន្តហោះអាមេរិកនៅក្នុងប្រទេសស៊ីរី។លោកបានបន្ថែមថា សកម្មភាពនេះបានគំរាមកំហែងដល់សុវត្ថិភាពមិនត្រឹមតែកងកម្លាំងអាមេរិកប៉ុណ្ណោះទេ ថែមទាំងកងកម្លាំងរុស្ស៊ីផងដែរ។US Air Forces Central បានបញ្ចេញវីដេអូនៃការប៉ះគ្នា កាលពីថ្ងៃពុធ ដោយបង្ហាញពីយន្តហោះចម្បាំងរុស្ស៊ី SU-35 របស់រុស្សីបានហោះទៅជិតពីលើយន្តហោះគ្មានមនុស្សបើករបស់អាមេរិក។
កងកម្លាំងអាកាសអាមេរិកបាននិយាយថា អ្នកបើកយន្តហោះរុស្ស៊ីដាក់យន្តហោះរបស់គាត់នៅពីមុខយន្តហោះគ្មានមនុស្សបើក Reaper និងបើកភ្លើងក្រោយ បង្កើនល្បឿននិងសម្ពាធខ្យល់យ៉ាងខ្លាំងធ្វើឱ្យយន្តហោះគ្មានមនុស្សបើកពិបាកដំណើរការ ៕