យោធាអ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាសដោយយន្តហោះដ្រូនទៅលើជំរុំជនភៀសខ្លួនJenin នៅភាគខាងជើងតំបន់West Bankដែលខ្លួនកាន់កាប់ បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បួននាក់បានស្លាប់។នេះបើយោងតាមអ្នកស្រុកនិងមន្ត្រីនៅកន្លែងកើតហេតុប្រាប់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារគោលដៅទៅលើទីតាំងរឹងមាំរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ WestBank កាលពីព្រឹកថ្ងៃចន្ទហើយកងទ័ពអ៊ីស្រាអ៊ែលរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ ដែលជាការលុកលុយដែលស្រដៀងនឹងប្រតិបត្តិការយោធាទ្រង់ទ្រាយធំដែលបានធ្វើឡើងក្នុងអំឡុងពេលការបះបោររបស់ប៉ាឡេស្ទីនលើកទីពីរកាលពីពីរទសវត្សរ៍មុន។

អ្នកស្រុកបាននិយាយថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងហោចណាស់ ១០ លើកនៅទីក្រុង Jenin ពេញមួយយប់ថ្ងៃចន្ទនិងបន្តមកដល់ព្រឹកធ្វើអោយមាន ផ្សែងហុយចេញពីអគារបែកបាក់។ ក្បួនរថពាសដែកអ៊ីស្រាអែលរាប់សិបគ្រឿងក៏បានឡោមព័ទ្ធជំរំជនភៀសខ្លួនពីគ្រប់ទិសទីហើយបានបើកប្រតិបត្តិការយោធាជើងគោកដែលបណ្តាលឱ្យខូចខាតផ្ទះនិងផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថាមនុស្ស ៤នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតរងរបួស ដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ West Bank កាលពីយប់និងព្រឹកថ្ងៃចន្ទ ។សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា អ្នកស្លាប់បីនាក់គឺនៅក្នុងក្រុង Jenin និងម្នាក់នៅក្រុង Ramallah។ចំណែកឯអ្នករងរបួស៧នាក់ក្នុងចំណោម២៥ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល១៨០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលចាប់តាំងពីដើមឆ្នាំនេះ។យ៉ាងហោចណាស់ជនជាតិអ៊ីស្រាអែល២៥នាក់ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការវាយប្រហារដាច់ដោយឡែកក្នុងអំឡុងពេលដូចគ្នានេះ៕