អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលោកValeriy Zaluzhnyi បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៥ ក្នុងចំណោម ១៨ គ្រាប់ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូបានបង្កើនការវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោកValeriy Zaluzhnyi បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់គាត់ថា កាលពីវេលាម៉ោងប្រហែល២និង៣០នាទីព្រឹក ថ្ងៃចន្ទរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីយន្តហោះអាកាសចរណ៍យុទ្ធសាស្ត្រ។
មន្ត្រីនៅទីក្រុងគៀវបាននិយាយថា ពុំមានការស្លាប់ និងរបួសជនស៊ីវិលឬការបំផ្លិចបំផ្លាញអគារលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធនោះទេ។មីស៊ីលទាំងអស់ដែលតម្រង់មកកាន់រដ្ឋធានីអ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងអ្វីដែលគេនិយាយថាជាការវាយប្រហារលើកទីពីរលើក្រុងគៀវក្នុងរយៈពេលបីថ្ងៃ។

ក្រុមមន្ត្រីបាននិយាយថាប្រព័ន្ធការពារអាកាសក៏ត្រូវបានអំពាវនាវឱ្យធ្វើសកម្មភាពដើម្បីការពារតំបន់ជុំវិញទីក្រុងគៀវដែលជាអង្គភាពរដ្ឋបាលដាច់ដោយឡែកពីរដ្ឋធានី។
លោក Oleksandr Prokudin រដ្ឋបាលយោធាសម្រាប់តំបន់ Kherson បាននិយាយថា ក្នុងរយៈពេលមួយថ្ងៃកន្លងមក ខ្មាំងបានបាញ់ផ្លោងចំនួន៣៩គ្រាប់ ដោយបានបាញ់ផ្លោងចំនួន ១៦៣គ្រាប់ពីកាំភ្លើងធំធុនធ្ងន់ Grads គ្រាប់រ៉ុក្កែតច្រើនគ្រាប់និងយន្តហោះគ្មានមនុស្សបើក ។

មេយោធាក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងបីនាក់ទៀតរងរបួស រួមទាំងកុមារម្នាក់ផងដែរ នៅក្នុងតំបន់ Kherson ដែលគ្រប់គ្រងដោយអ៊ុយក្រែន ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ចំណែកឯអភិបាលតំបន់ Dnipropetrovsk បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥ នាក់ក្នុងនោះមានកុមារ ៣ នាក់បានរងរបួសក្នុងការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីលើទីក្រុង Dnipropetrovsk កាលពីយប់ថ្ងៃចន្ទ៕