Thursday, August 21, 2025
Homeព័ត៌មានជាតិខ្សែភ្លើងឆក់កូនស្លាប់ ម៉ែយំននៀលដី

ខ្សែភ្លើងឆក់កូនស្លាប់ ម៉ែយំននៀលដី

ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់ បានប្រាប់ម្តាយថា យកកង់ទៅលាង លុះក្រោយមក ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាម្តាយ តក់ស្លុតរន្ធត់ចិត្ត ស្រែកទ្រហោយំននៀលដី គួរឱ្យសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចឃ្លាំងគ្រឿងចក្រសំណង់មួយកន្លែង ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ។

ក្មេងប្រុសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះម៉ាប់ សូឡា អាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងបន្ទុកគ្រួសារ មានឪពុកឈ្មោះហួរ ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរកម្មករ និងម្តាយឈ្មោះសាង សុភាព អាយុ៣៨ឆ្នាំ មុខរបរកម្មករ។ ក្រុមគ្រួសារក្មេងប្រុសរងគ្រោះខាងលើ  ស្នាក់នៅក្នុងឃ្លាំងគ្រឿងចក្រសំណង់មួយកន្លែង ស្ថិតក្នុងភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (ទីតាំងកើតហេតុខាងលើ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានប្រាប់ម្តាយថា យកកង់ទៅលាង។ លុះមួយសន្ទុះក្រោយមក ឈ្មោះតឿ ផាន បានបើកឡានស្ទួចមកដល់ត្រង់ចំណុចកើតហេតុ ក៏ប្រទះឃើញក្មេងប្រុសរងគ្រោះដេកផ្កាប់មុខ ជិតស៊ីទែនទឹក ឃើញបែបនេះ គាត់ក៏បានស្ទុះទៅជួយជនរងគ្រោះ ស្មានតែក្មេងប្រុសរងគ្រោះសន្លប់ ពីព្រោះក្មេងប្រុសរងគ្រោះមានជំងឺហឺតប្រចាំកាយ ប៉ុន្តែពេលលើកក្មេងប្រុសរងគ្រោះឡើង ទើបដឹងថា ក្មេងប្រុសរងគ្រោះត្រូវបានខ្សែភ្លើងឆក់ស្លាប់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ ដល់ស្ត្រីជាម្តាយ មកដល់ឃើញកូនប្រុសដេកស្លាប់ស្តូកស្តឹង ក៏ស្រែកទ្រហោយំននៀលដី។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកមែន។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយសេចក្តីអាណិតអាសូរដល់សពក្មេងប្រុសរងគ្រោះដែលបានស្លាប់ដោយសារខ្សែភ្លើងឆក់ខាងលើ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចាត់តំណាងឱ្យទៅចូលរួមរំលែកទុក្ខ និងបានចូលជាបច្ច័យបុណ្យសព ចំនួន៤០ម៉ឺនរៀលផងដែរ៕

RELATED ARTICLES