ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ ប្រើទារុណកម្ម ជំរិតទារប្រាក់ និងប្រើប្រាស់ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការខាងលើ បានធ្វើឡើង កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះដែលទទួលរងការចាប់បង្ខាំង ប្រើទារុណកម្ម ជំរិតទារលុយ និងត្រូវបានសមត្ថកិច្ចរំដោះបានដោយសុវត្ថិភាព មានឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិរៀតណាម លំនៅបច្ចុប្បន្ន ប្រទេសវៀតណាម។

ដោយឡែកជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិរៀតណាម លំនៅបច្ចុប្បន្ន ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។ ទី២-ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរៀតណាម លំនៅបច្ចុប្បន្ន ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ និងទី៣-ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិរៀតណាម លំនៅបច្ចុប្បន្នប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ។
ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ចំនួន៣គ្រឿង ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច ខ្សែក្រវាត់ស្បែកពណ៌ខ្មៅ ក្បាលដែក ចំនួន១ (មធ្យោបាយធ្វើទារុណកម្ម)។
ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕