ភ្នំពេញ ៖ លោកជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯភាពខណ្ឌ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យ មានបង្កប់ល្បែងស៊ីសងអនឡាញ នៅសណ្ឋាគារ ហុងដា (HONDA HOTEL) មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់។

ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោកគឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកលី ប៊ុនអេង ស្នងការរងនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ លោកថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ លោកចាប ឌីណា អភិបាលរងខណ្ឌដូនពេញ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរង នគរបាលខណ្ឌ លោកចៅសង្កាត់ផ្សារថ្មី៣ លោកនាយប៉ុស្តិ៍ផ្សារថ្មី៣។
ជាក់ស្តែងជាលទ្ធផល នៅបន្ទប់លេខ៧០៤ កម្លាំងចម្រុះបានរកឃើញមានម្សៅក្រាមពណ៌ស សង្ស័យមានសារធាតុញៀន ចំនួន ២កញ្ចប់តូច អ្នកប្រើប្រាស់ ចំនួន៣នាក់ ជាជនជាតិចិន និងទូរស័ព្ទដៃ ចំនួន១២គ្រឿង សង្ស័យពាក់ព័ន្ធនឹងករណីល្បែងស៊ីសងតាមអនឡាញ។
ជនជាតិចិន ទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕