Friday, August 22, 2025
Homeព័ត៌មានជាតិម៉ាស្សាធម្មតា ១ម៉ឺន ម៉ាស្សាស្រួល២០ដុល្លារ ប៉ូលិសចាប់មេការ និងស្រីក្មេង៤នាក់

ម៉ាស្សាធម្មតា ១ម៉ឺន ម៉ាស្សាស្រួល២០ដុល្លារ ប៉ូលិសចាប់មេការ និងស្រីក្មេង៤នាក់

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបជាក់ស្តែង ករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សា បង្កប់សេវាផ្លូវភេទ (ម៉ាស្សាធម្មតា ១ម៉ឺន ម៉ាស្សាស្រួល២០ដុល្លារ) ដោយបានឃាត់ខ្លួនបុរសម្នាក់ ជាមេការ និងនារីជាអ្នកបម្រើសេវាផ្លូវភេទ ចំនួន៤នាក់ ក្នុងនោះមានអនីតិជន ចំនួន២នាក់ និងវត្ថុតាង ស្រោមអនាម័យ ប្រើប្រាស់រួច មួយចំនួន និងមិនទាន់ប្រើប្រាស់ មួយចំនួន។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២២ ចំណុចហាងម៉ាស្សា «សម្រស់ម្លិះ» មានទីតាំងស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឆាយ ហុង ព្រះរាជអាជ្ញារង និងលោកវរសេនីយ៍ ទោ ហាក់ លី នាយរងការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខាងលើ ដោយធ្វើការឃាត់បុរសម្នាក់ជាអ្នកគ្រប់គ្រង និងនារីក្មេងៗជាអ្នកបម្រើសេវាផ្លូវភេទ ចំនួន៤នាក់ ក្នុងនោះ មាន២នាក់ជាអនីតិជន។

តាមប្រភព​ បានឱ្យដឹងថា ទីតាំងហាងម៉ាស្សា «សម្រស់ម្លិះ» មានថៅកែប្រុសម្នាក់ គឺជាអ្នកមើលការខុសត្រូវ ហើយនៅក្នុងហាងនេះ មាននារីរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៤នាក់ (អនីតិជន ២នាក់) និងមានបន្ទប់សម្រាប់រួមភេទ ចំនួន២បន្ទប់។ ក្នុងនោះ តម្លៃម៉ាស្សាធម្មតា ២ម៉ឺនរៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទ ក្នុងមួយដង ចាប់ពី ២០ដុល្លារ ទៅ២៥ដុល្លារ ហើយលុយដែលបានមកពីការរួមភេទ គឺថៅកែហាង ចែកស្មើគ្នាជាមួយនារីម៉ាស្សាទាំងនោះ។

ប្រភពដដែល បានឱ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត្រ ទើបបិទទ្វារ។ រីឯនារីដែលសង្ស័យជាអនីតិជន ចំនួន២នាក់ គឺចូលមកបម្រើការងារ ចាប់ពីម៉ោង ៧យប់ រហូតដល់ម៉ោង ១០យប់។

ក្រោយប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសជាមេការ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។

ដោយឡែក នារីជាអ្នកបម្រើសេវាផ្លូវភេទទាំង៤នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្វើការអប់រំ៕

RELATED ARTICLES