Thursday, June 26, 2025
Homeព័ត៌មានជាតិគប់១កាំបិត ផុងលលាដ៍ក្បាលស្លាប់

គប់១កាំបិត ផុងលលាដ៍ក្បាលស្លាប់

ខេត្តឧត្តរមានជ័យ ៖ យុវជន ២ក្រុម បានជិះម៉ូតូបំណងទៅមើលខនសឺត លុះទៅដល់ពាក់កណ្តាលផ្លូវ ក៏កើតមានទំនាស់ ឈានដល់ការប្រើអំពើហិង្សាដាក់គ្នា ដោយភាគីម្ខាង បានទាញដុំថ្មគប់គូទំនាស់ តែមិនត្រូវមនុស្ស ចំតែម៉ូតូ បណ្តាលឱ្យខូចខាត ស្រាប់តែធ្វើឱ្យភាគីម្ខាងទៀត ផ្ទុះកំហឹង ទាញកាំបិតប៉័ងតោ គប់សំដៅភាគីទំនាស់ បណ្តាលឱ្យចំក្បាលយុវជនម្នាក់ផុងលាលដ៍ ស្លាប់យ៉ាងអាណោចអាធ័ម ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់ ៧នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈដែលជនដៃដល់ម្នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីអំពើហិង្សាបណ្តាលឱ្យជនរងគ្រោះស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា  ឆ្នាំ២០២២ នៅតាមដងផ្លូវជាតិលេខ 67B ចំណុចមុខផ្ទះសំណាក់ បឹងតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៏ ឃុំអន្លង់វែង ស្រុកអន្លង់វែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើ បង្កឡើងដោយក្មេងទំនើង ២ក្រុម បានដេញគប់ វាយកាប់ចាក់គ្នា បណ្តាលឱ្យយុវជនម្នាក់ ឈ្មោះស៊ឹម  ប៊ុនថាន  ភេទប្រុស  អាយុ ១៤ឆ្នាំ  មុខរបរកម្មករលាងរថយន្ត ស្នាក់នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង  ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវពណ៌ក្រហម ផលិតឆ្នាំ២០១៩ គ្មានស្លាកលេខ (ជិះគ្នា៣នាក់) ត្រូវក្រុមម្ខាងទៀតយកកាំបិតប៉័ងតោ គប់ត្រូវយុវជនឈ្មោះស៊ឹម ប៊ុនថាន ចំលើស្លឹកត្រចៀកខាងឆ្វេង បណ្តាលឱ្យដួលម៉ូតូ ហើយមុតកាំបិត ប្រវែង ០,៧សង់ទីម៉េត្រ ផុងលលាដ៍ក្បាល រងរបួសធ្ងន់។ ក្រោយកើតហេតុ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅកាន់មន្ទីរពេទ្យខេត្តសៀមរាបដែរ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បន្ទាប់ពីទទួលព័ត៌មាន និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការនគរបាលខេត្ត   និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ  លោកអធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំង ទៅកាន់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវរកកំណត់មុខសញ្ញាបាន រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកជាបន្តបន្ទាប់ សរុបចំនួន៧នាក់។

ជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានចាប់ខ្លួន ៖ រួមមាន ទី១-ឈ្មោះព្រួញ កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី២- ឈ្មោះមឿន ភារៈ ភេទប្រុស  អាយុ១៧ឆ្នាំ មុខរបរសិស្ស  មានលំនៅ ភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី៣-ឈ្មោះមឿន វិតុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ច្រកជាំ មានលំនៅ ភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី៤-ឈ្មោះគុជ សុណា ហៅខ្នារ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ច្រកជាំ មានលំនៅ ភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី៥-ឈ្មោះស៊ឹម បូលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី៦-ឈ្មោះប៉ុន ប៊ុនធី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង និងទី៧-ឈ្មោះវិញ ប៊ុនឡុង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិលំទង  ឃុំលំទង ស្រុកអន្លង់វែង។

លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានឱ្យដឹងថា តាមរបាយការណ៍ពីលោកអធិការស្រុកអន្លង់វែង និងការសាកសួរជាក់ស្តែងបន្ថែមរបស់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្ត ទៅលើជនសង្ស័យទាំង ៧នាក់ ពួកគេបាន សារភាពថា ពិតជាបានធ្វើសកម្មភាពប្រើហិង្សាទៅលើជនរងគ្រោះប្រាកដមែន។

លោកស្នងការរង បានបន្តថា បើតាមចម្លើយម្តងម្នាក់ៗរបស់ជនសង្ស័យទាំង៧នាក់ ខាងលើ ដែលសមត្ថកិច្ចជំនាញ ធ្វើការសាកសួរអស់ជាច្រើនម៉ោង ក្រុមជនសង្ស័យបានសារភាពថា មូលហេតុមុនដំបូង ពួកគេទាំង២ក្រុម បានជិះម៉ូតូមកពីមើលគេប្រគំតន្ត្រី (ខនសឺត) លុះមក ដល់ចំណុចកើតហេតុ ឈ្មោះស៊ឹម ប៊ុនថាន (ជនរងគ្រោះ) បានយកដុំថ្មគប់ទៅលើម៉ូតូក្រុមឈ្មោះឃួត វិបោន ហៅអេ ភេទប្រុស អាយុ១៧ឆ្នាំ មុន តែពុំត្រូវនោះទេ ក្រោយមក ឈ្មោះឃួត វិបោន ហៅអេ ក៏បានយកកាំបិតប៉័ងតោ គប់តបសងវិញ បណ្តាលឱ្យឈ្មោះស៊ឹម ប៊ុនថាន រងរបួសត្រង់ក្បាលផ្នែកខាងឆ្វេង លើត្រចៀក មុតនិងផុងលលាដ៍ក្បាលតែម្តង។

នៅចំពោះមុខ វត្ថុតាងដែលដកហូតបាន រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ចំនួន៤គ្រឿង។ ២-កាំបិតប៉័ងតោ ចំនួន២។ ៣-ដាវ ចំនួន១ដើម និង៤-កាំបិតក្រលាស់ ចំនួន១។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង៧នាក់ ដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានម្នាក់ទៀតជាជនដៃដល់ ឈ្មោះឃួត វិបោន ហៅអេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ ស្រុកអន្លង់វែង កំពុងរត់គេចខ្លួន ហើយបច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជនដៃដល់នេះ យកមកចាត់ការទៅតាមច្បាប់៕

RELATED ARTICLES