ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកគ្រប់គ្រងនិងអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីឆបោក និងក្លែងឯកសារ។
ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ៅ ណាវី ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅបច្ចុប្បន្ន នៅក្រុមទី០៨ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមដីការបស់លោកហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកគ្រប់គ្រងនិងអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលើឈ្មោះម៉ៅ ណាវី ភេទស្រី អាយុ៣៦ឆ្នាំ មានលំនៅបច្ចុប្បន្ន នៅក្រុមទី០៨ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។
មន្ត្រីនគរបាលអនុវត្តដីកា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ត្រីរូបនេះ ត្រូវឃាត់ខ្លួនតាមដីកាលេខ ១៨០ត.ព្រ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លោកហុង ទិត្យមល្លិកា ពីបទឆបោកនិងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីថ្ងៃទី០៨-១៥ និង២៩ ខែកញ្ញា ឆ្នាំ២០២១។
ស្ត្រីខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕