ភ្នំពេញ ៖ បុរសជាអ្នកជិះម៉ូតូម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកមាន់ ១គ្រឿង បើកបុក រួចរុញផ្ទប់ទៅនឹងរបងផ្ទះប្រជាពលរដ្ឋ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចទល់មុខបុរី ជីប ម៉ុង លែន តាមបណ្តោយ ផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
តាមប្រភពពីសមត្ថកិច្ច អ្នកបើករថយន្តឈ្មោះមិនា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរបើករថយន្ត និងស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំរំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកអ្នកស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយស្លៀកពាក់ខោពណ៌ដី ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ សម្បុររាងសល្មម កម្ពស់ប្រហែល ១,៦៥ម៉ែត្រ អាយុប្រហែល ២៨ឆ្នាំ ជិះតែម្នាក់ឯង។

តាមសម្តីកម្មករលើកមាន់ បានឱ្យដឹងថា រថយន្តដឹកមាន់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-2304 មានគ្នាចំនួន ៥នាក់ បូករួមទាំងតៃកុង បានបើកបរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ ១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ចាម 1T-0899 ជិះដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីកើត ទៅលិច បញ្ច្រាសទិសគ្នា។
ប្រភពដដែល បន្តថា បន្ទាប់ពីបុកមួយទំហឹងហើយ រថយន្តមិនទាន់អស់ល្បឿន បានរេចង្កូតមកឆ្វេងដៃ អូសទាំងម៉ូតូ និងមនុស្ស ទៅផ្ទប់នឹងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ព្រមទាំងបាក់ជញ្ជាំងផ្ទះប្រជាពលរដ្ឋអស់មួយផ្ទាំងធំទៀត។

ភ្លាមនោះ តៃកុងរថយន្ត រួមទាំងកម្មករចំនួនបីនាក់ បានរត់ចេញពីកន្លែងកើតហេតុបាត់អស់ នៅសល់តែកម្មករលើកមាន់ ២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចដើម្បីសាកសួរបន្ត។
ចំណែករថយន្តបង្កហេតុ និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិ ដើម្បីមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

