ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ បានយកទឹកអាល់កុលមកបាញ់លាងដៃរួច ក៏យកដែកកេះមកកេះលេងក្បែរដបអាល់កុល ធ្វើឱ្យឆាបឆេះ ស្រាប់តែក្មេងប្រុសរូបនេះភ័យស្លន់ពេក ក៏លើកដបអាល់កុលបោះទៅលើរោងចំបើង បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលឆេះដល់ផ្ទះទាំងស្រុងតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥៣នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចស្រុកចន្ទ្រា បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះស្លូត ស៊ន់ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើ ប្រក់ដំបូលស័ង្កសី។
ប្រភពដដែល បានបញ្ជាក់ថា មូលហេតុបណ្តាលឱ្យមានអគ្គិភ័យខាងលើកើតឡើង ដោយសារដំបូងឡើយ កូនប្រុសម្ចាស់ផ្ទះបានយកអាល់កុល មកបាញ់លាងដៃ រួចហើយក៏យកដែកកេះមកកេះលេងក្បែរដបអាល់កុលនោះ ស្រាប់តែធ្វើឱ្យឆាបឆេះដបអាល់កុល ទើបក្មេងប្រុសរូបនោះភ័យស្លន់ស្លោពេក មិនដឹងធ្វើយ៉ាងម៉េច ក៏លើកដបអាល់កុលដែលកំពុងឆេះនោះ បោះទៅលើរោងចំបើងជាប់ផ្ទះ ជាហេតុធ្វើឱ្យកើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង និងថែមទាំងរាលមកដល់ផ្ទះ បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុង មិនអាចជួយពន្លត់ទាន់ឡើយ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងសម្ភាររួមមាន ផ្ទះ ១ខ្នងទាំងស្រុង ចំបើង ចំនួន ៣០០ដុំ ម៉ាស៊ីនអារឈើ ចំនួន ១គ្រឿង ប៉ុស្តិ៍ផ្សារដែក ចំនួន ១គ្រឿង ម៉ូទ័រកាត់ដែក ចំនួន ១គ្រឿង ម៉ូទ័រឆាបដែក ចំនួន ១គ្រឿង ម៉ូទ័រស្វានបុកបេតុង ចំនួន ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្រូវ ចំនួន ១គ្រឿង ម៉ាស៊ីនកិនស្រូវ ចំនួន ១គ្រឿង ស្រូវចំនួន ២បាវ អង្ករ ចំនួន ៤បាវ ព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយចំនួនទៀត។ តែយ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ហើយក៏មិនឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះដែរ៕
