ភ្នំពេញ ៖ បុរសម្នាក់ បានបែកបាក់ស្នេហាជាមួយនារីជាសង្សារចាស់ មួយរយៈមកហើយ លុះចុងក្រោយ តាមទាន់នារីជាអតីតសង្សារកំពុងមានសង្សារថ្មី នៅក្នុងបន្ទប់ជួលជាមួយគ្នា ក៏ផ្ទុះភ្លើងប្រចណ្ឌស្នេហាត្រីកោណ ឈានដល់ការផ្ទុះអាវុធ ចំនួន ២គ្រាប់ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះជនបាញ់បោះសេរី នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះដែលត្រូវអតីតសង្សារបាញ់គំរាម ២គ្រាប់ មានឈ្មោះសាក់ ស្រីពេជ្រ អាយុ ២១ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែកខ្មាន់កាំភ្លើង ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ចាន់អ៊ិន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា បុរសជាខ្មាន់កាំភ្លើងខាងលើ ត្រូវជាសង្សារចាស់របស់នាង ដែលបានស្រលាញ់គ្នា អស់រយៈពេលជិត ៣ឆ្នាំមកហើយ តែពេលនេះពួកនាងបានចែកផ្លូវគ្នាទៅហើយ ប៉ុន្តែនៅរាប់អានគ្នាធម្មតា។ មុនពេលកើតហេតុ បុរសជាសង្សារចាស់ បាននាំនាងទៅហូបអាហារ នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់ពីហូបអាហាររួចហើយ នាងបានត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវបានសង្សារចាស់នេះ តាមរករឿងដល់បន្ទប់ជួលរបស់នាងតែម្តង ដោយសារតែឃើញនាងមានសង្សារថ្មី បើករថយន្ត ១គ្រឿង មកលេងដល់ផ្ទះជួលរបស់នាង ដោយបុរសជាសង្សារចាស់បានរករឿង ស្រែកឡូឡា ហៅឱ្យនាង (នារីរងគ្រោះ) និងសង្សារថ្មីនោះ ចេញមកខាងក្រៅ ដើម្បីនិយាយគ្នាឱ្យបានច្បាស់ និងថែមទាំងបានស្រែកគំរាមបាញ់សម្លាប់ទៀតផង ទើបធ្វើឱ្យរូបនាងនិងសង្សារថ្មី ភ័យមិនហ៊ានចេញពីខាងក្នុងផ្ទះទេ ស្រាប់តែសង្សារចាស់នេះកាន់តែក្តៅចិត្ត ក៏បានហៅមិត្តភក្តិ ២នាក់ទៀត មកដល់ រួចដកកាំភ្លើងបាញ់ ២គ្រាប់ គំរាម បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសង្សារថ្មីភ័យ ក៏បានប្តឹងសមត្ថកិច្ច ចុះអន្តរាគមន៍ ឃាត់ខ្លួនអតីតសង្សាររបស់នាងម្នាក់ភ្លាមៗតែម្តង ខណៈដែលមិត្តភក្តិ ២នាក់ទៀតបានរត់គេចបាត់អស់ទៅហើយ។

នារីរងគ្រោះ បានបន្តថា មូលហេតុដែលនាងសុំបែកពីសង្សារចាស់ និងទាក់ទងសង្សារថ្មីនេះ គឺដោយសារតែបុរសជាសង្សារចាស់របស់នាង មានចរិតខិលខូចរឿងស្រីញី មាននាងម្នាក់ហើយ លួចមានថែមម្នាក់ទៀតម លួចលាក់មានស្រីថ្មីរាប់មិនអស់ ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏សម្រេចចិត្តសុំបែកគ្នា តែបុរសសង្សារចាស់នេះមិនព្រមទេ។

ដោយឡែក តាមសម្តីបុរសជាខ្មាន់កាំភ្លើង ដែលត្រូវជាសង្សារចាស់នារីរងគ្រោះខាងលើនេះ បានរៀបរាប់ប្រាប់ថា តាមពិត នារីរងគ្រោះខាងលើ គឺប្រៀបបានជាប្រពន្ធរបស់ខ្លួនទៅហើយ ព្រោះខ្លួនតែងតែផ្គត់ផ្គង់លុយកាក់អស់ជាច្រើនមកហើយ ដោយសារគាត់ស្រលាញ់នាង ទុកជាគូអនាគត។
បុរសជាខ្មាន់កាំភ្លើង បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបាននាំនារីរងគ្រោះ ទៅហូបអាហារ នៅទីតាំងរបស់ខ្លួន រហូតដល់ពេលយប់ ហើយកំពុងតែនៅជាមួយគ្នា ស្រាប់តែមានគេឆាតហៅមកផ្ទះ ឱ្យប្រញាប់ ធ្វើឱ្យនារីរងគ្រោះជាសង្សារ បានត្រឡប់មកផ្ទះជួលវិញភ្លាមៗ ទើបខ្លួនមិនអស់ចិត្ត ក៏បានតាមមកដល់បន្ទប់ជួល ស្រាប់តែឃើញមានរថយន្ត ១គ្រឿង បើកមកឈប់នៅខាងមុខផ្ទះជួលរបស់នាង។ ឃើញបែបនេះ ខ្លួនក៏បានស្រែកពីខាងក្រៅសួរ និងត្រូវបាននារីរងគ្រោះ ចេញមកជួបបានបន្តិច រួចក៏ចូលបន្ទប់ ទាញទ្វារបិទវិញទៅ ទើបខ្លួនបានដឹងថា នាងមានសង្សារថ្មី កំពុងនៅក្នុងបន្ទប់ជាមួយគ្នា។

បុរសជាខ្មាន់កាំភ្លើង បានបញ្ជាក់បន្តថា បន្ទាប់មក ខ្លួនក៏បានទាក់ទងទៅហៅមិត្តភក្តិ ២នាក់ទៀត មកកន្លែងកើតហេតុ លុះមិត្តភ័ក្តិមកដល់ ដោយសារតែខឹងជំនួសខ្លួនពេក ទើបមិត្តភក្តិម្នាក់ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ រួចក៏គេចខ្លួនបាត់អស់។ ចំណែកខ្លួន មិនបានរត់ទៅណាទេ គឺនៅរង់ចាំសមត្ថកិច្ចមកដល់ ដើម្បីជួយដោះស្រាយ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានមកដល់ចំណុចកើតហេតុ ហើយក៏បានធ្វើការសាកសួរ រួចឃាត់ខ្លួនបុរសជាសង្សារចាស់របស់នារីរងគ្រោះខាងលើ នាំយកទៅសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលភ្លាមៗ តែដោយសារបុរសសង្ស័យ ជាកម្លាំងអាវុធហត្ថ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ប្រគល់ឱ្យខាងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
