តារាចម្រៀងពេជ្រ សោភា បានឲ្យដឹងថា គម្រោងថត MV សម្រាប់បទចម្រៀងចូលឆ្នាំខ្មែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកកៅ សីហា នោះ នឹងត្រូវផ្អាកមួយអន្លើសិន ទើបសម្រេចចិត្តតាមក្រោយ ព្រោះថា សុខភាពសំខាន់ជាងបទចម្រៀង។

ការលើកឡើងរបស់សោភា នៅពេលនេះ បន្ទាប់ពីនៅក្រុមហ៊ុនហង្សមាស កំពុងតែផ្ទុះបុគ្គលិកឆ្លងកូវីដ-១៩ ក្រោយពីពិធីការិនីច័ន្ទ កែវនិមល និងស្វាមី ជាមួយកូនស្រី រួមទាំងណុបបាយ៉ារិទ្ធ, សុគន្ធ និសា វី ឌីណែត បានតេស្ដឃើញវិជ្ជមានទាំងអស់ ខណៈដែលតារាហង្សមាស ជាច្រើនរូបទៀត បានតេស្តកូវីដ-១៩ លើកទី១ លទ្ធផលអវិជ្ជមានទាំងអស់។

ដោយឡែក សោភា ថា នាងមិនមានការបារម្ភច្រើនទេ ព្រោះមួយរយៈចុងក្រោយ នេះនាងមិនបានទៅជួបជុំជាមួយអ្នកណាទ្រង់ទ្រាយធំឡើយ ក្នុងនោះមានទាំងការថតបទចម្រៀងផងដែរ។ នាងថា មាន Studio នៅផ្ទះផ្ទាល់ខ្លួន ពេលខ្លះបញ្ចូលបទចម្រៀងដោយខ្លួនឯង កាត់បន្ថយការជួបជុំតាំងពីផ្ទុះកូវីដ-១៩ មកភ្លាមម្ល៉េះ។

ថ្វីត្បិតតែពេជ្រ សោភា អះអាងថា នាងមិនមានប៉ះពាល់ជាមួយជាមួយតារាមានផ្ទុកកូវីដ-១៩ នៅក្រុមហ៊ុនហង្សមាស ក្ដី តែតាមព័ត៌មានថា សោភា ទើបថតបទចម្រៀងMV ដែលដឹកនាំដោយលោកកៅ សីហា កាលពីពេលថ្មីៗនេះ ខណៈដែលលោកសីហា កំពុងតែភ័យឡើងបែកញើស ព្រោះតែប្រឈមឆ្លងកូវីដ-១៩ ដែរ បន្ទាប់ពីលោកបានដឹកនាំសម្ដែង MV របស់ឱក សុគន្ធកញ្ញា កាលពីពេលថ្មីៗនេះ។

ទាក់ទងរឿងនេះ សោភា អះអាងថា នាងពិតជាបានថត MV ដែលដឹកនាំដោយលោកសីហា កាលពីថ្ងៃទី២ ខែមីនា មែន ចំណែក១បទទៀត នាងថតដឹកនាំសម្ដែងដោយលោកកែ វិបុល តាំងពីពាក់កណ្ដាលខែកុម្ភៈ មកម្ល៉េះ។

សោភា ថា តាមដឹង លោកសីហា បានដឹកនាំសម្ដែងបទចម្រៀងសុគន្ធកញ្ញា តាំងពីពាក់កណ្ដាលខែកុម្ភៈ អីចឹងទោះជាជួបនាងថ្ងៃទី២ ខែកុម្ភៈ ក៏មិនអីដែរ ហើយនាងចង់ប្រាប់ថា ពេលនេះ ឱក សុគន្ធកញ្ញា គ្មានកើតកូវីដ-១៩ នោះទេ អីចឹងមានរឿងអីដែលលោកសីហា ភ័យ។

ទោះជាពេជ្រ សោភា ថា នាងគ្មានការពាក់ព័ន្ធជាមួយតារាដែលផ្ទុកកូវីដ-១៩ ក្ដី តែនាងបញ្ជាក់ថា បើសិនជានាងជួបហេតុការណ៍អាក្រក់ នាងឆ្លងកូវីដ-១៩ មែននោះ គ្មានអ្វីគួរឲ្យខ្លាចទេ គឺនឹងទៅព្យាបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះជំងឺកូវីដ-១៩ ព្យាបាលជា មិនមែនដូចគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាអាចស្លាប់ភ្លាមនោះទេ៕

