Saturday, June 21, 2025
Homeព័ត៌មានជាតិឪពុកដើររកជាច្រើនថ្ងៃ ឡើងសោះខ្យល់ ពេលជួបហើយ កូនថាមិនស្គាល់

ឪពុកដើររកជាច្រើនថ្ងៃ ឡើងសោះខ្យល់ ពេលជួបហើយ កូនថាមិនស្គាល់

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រត់ចេញពីផ្ទះជាច្រើនថ្ងៃ លុះបុរសជាឪពុកស្វែងរកឃើញនៅបរិវេណវត្តភ្នំ ស្រាប់តែបដិសេធមិនទទួលស្គាល់ឪពុកខ្លួនឯងទៅវិញ ទើបបុរសជាឪពុកស្នើឱ្យសមត្ថកិចជួយឃាត់និងនាំសាច់ញាតិមកយកកូនប្រុស ត្រឡប់ទៅផ្ទះវិញ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

យុវជនរូបនេះមានឈ្មោះកែបម៉ៃ ឆព្វណ្ណរង្សី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិព្រាំងលាន ឃុំចំបក ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ យុវជនខាងលើបានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយមិនដឹងថា មានវិបត្តិអ្វីនោះទេហើយមិនដឹងថា ចាកចេញទៅណាឡើយ លុះបុរសជាឪពុកដើររកជាច្រើនថ្ងៃ តែមិនឃើញ លុះរកមកដល់ ចំណុចវត្តភ្នំនៅរាជធានីភ្នំពេញ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយ នាំកូន ត្រូឡប់យកទៅខេត្តតាកែវវិញ។

ប៉ុន្តែពេលបុរសជាឪពុកមកទទួលហៅទៅផ្ទះវិញនោះ យុវជនខាលើបដិសេធថា បុរសខាងលើមិនមែនជាឪពុករបស់ខ្លួន ហើយមិនព្រមត្រឡប់ទៅជាមួយគាត់ឡើយ លុះសាច់ញាតិឡើងមកពីខេត្តបន្ថែមទៀតទើបព្រមទៅជាមួយ។

ក្រោយពីពិនិត្យឯកសាររួចរាល់ សមត្ថកិច្ចក៏អនុញាតឱ្យក្រុមគ្រួសារនាំត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES