ខេត្តសៀមរាប ៖ កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែល ជាម្តាយកូន និងកូនប្រសា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើខ្នងភ្នំគូលែន ក្នុងភូមិ ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ពាក់ព័ន្ធករណីលួចយកកាបូបប្រាក់និងគ្រឿងអលង្កា របស់ជនរងគ្រោះជាអ្នកលក់ដូរនៅរមណីយដ្ឋានភ្នំគូលែន។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចកើតហេតុ កន្លែងលក់ផ្លែដូង ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ មាន ជនសង្ស័យលួចយកកាបូបលុយពីអ្នកលក់ដូរ ម្នាក់ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះប្តឹង សមត្ថកិច្ចជួយស្រាវជ្រាវ។
ក្រោយទទួលបានបណ្តឹង កម្លាំងនគរបាលជំនាញបានកំណត់មុខសញ្ញា និងបាននាំឈ្មោះសារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ, ឈ្មោះ ឡិក លាង ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះស៊ុយ ចិន្តា ភេទស្រី អាយុ១៩ឆ្នាំ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ឈ្មោះ សារឿន មករា បានសារភាពថា ខ្លួនត្រូវបានម្តាយបង្កើតឈ្មោះទិត្យ ណាក់ បញ្ជាឱ្យទៅលួចកាបូបដាក់ប្រាក់របស់ អ្នកលក់ផ្លែដូង (ឈ្មោះលឹម មុត) ហើយក៏បានធ្វើសកម្មភាពលួចយកកាបូបបានសម្រេច រត់ឡើងទៅផ្លូវខាងលើ លាក់ទុកនៅគំនរសម្បកផ្លែដូង តាមផ្លូវចុះទៅទឹកធ្លាក់ ហើយក៏គេចខ្លួន។

រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីព្រឹក ពេលស្ងាត់ ទើបគេយកកាបូប មានខ្សែកចំនួន2ខ្សែ ចិញ្ចៀនមួយវង់ និងប្រាក់ដែលខ្លួនលួចបានទៅឱ្យម្តាយ ទុក។

ប្រភពដដែលបន្តថា លុះពេលកម្លាំងសមត្ថកិច្ចស្រាវជ្រាវក៏នាំឈ្មោះ សារឿន មករា និង ម្តាយឈ្មោះទិត្យ ណាក់ ទៅឆែកផ្ទះឃើញ ប្រាក់រៀលចំនួន៨០០០០០រៀល ចំណែកខ្សែកចំនួន2ខ្សែ បន្តោងរូបព្រះ និងចិញ្ចៀនត្រាមួយវង់ យកទៅលាក់ទុកនៅចម្ការក្រោយផ្ទះ ត្រូវកម្លាំងនគរបាលជំនាញ ដកហូតសម្ភារៈវត្ថុតាងទាំងអស់ រួមមាន ខ្សែក ធ្វើអំពីមាសមួយខ្សែទម្ងន់១០ជី (១តម្លឹង) ប្រវែង៥៩សង់ទីម៉ែត្រ ខ្សែកធ្វើអំពើលោហធាតុ ពណ៌លឿងចំនួនមួយខ្សែ ទម្ងន់១០ជី និងបន្តោងរូបព្រះទម្ងន់៧ជី មានប្រវែង៦៣ សង់ទីម៉ែត្រ ចិញ្ចៀនធ្វើអំពីលោហធាតុ ពណ៌លឿងទម្ងន់៨ជី បណ្ណសម្គាល់យានយន្ត (កាតគ្រី) ១សន្លឹក សោម៉ូតូ ចំនួន១ ប្រាក់រៀលចំនួន៨០០០០០០រៀល ស្ពីឃើរ (កូនបាស) ចំនួន១ កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន១។ សម្ភារៈវត្ថុតាងទាំងនេះ សមត្ថកិច្ចបានប្រគល់ឱ្យជនរងគ្រោះ ឈ្មោះ លឹម មុត វិញ។

ដោយឡែកជនសង្ស័យឈ្មោះ សារឿន មករា ភេទប្រុស អាយុ១១ឆ្នាំ ដែលជាអនីតិជន សមត្ថកិច្ចបានធ្វើកិច្ចសន្យានិងឱ្យឪពុក ធានាត្រឡប់ទៅផ្ទះវិញ។ ឯជនសង្ស័យបីនាក់ទៀត ត្រូវនគរបាលជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕