Saturday, June 21, 2025
Homeព័ត៌មានជាតិប្អូនស្រីនាយករដ្ឋមន្ត្រីថា សម័យប្រើស្បែក សិស្សបើកឡានសារ៉ែនប៉ូលិស ទៅរៀន... ព្រឹកនេះ សមត្ថកិច្ចកោះហៅមនុស្ស៣នាក់ ចូលបំភ្លឺ

ប្អូនស្រីនាយករដ្ឋមន្ត្រីថា សម័យប្រើស្បែក សិស្សបើកឡានសារ៉ែនប៉ូលិស ទៅរៀន… ព្រឹកនេះ សមត្ថកិច្ចកោះហៅមនុស្ស៣នាក់ ចូលបំភ្លឺ

ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់រឿងសិស្សថ្នាក់ទី១១ ម្នាក់ នៃសាលា AIS និង AII សាខាជ្រោយចង្វា បើករថយន្តសារ៉ែន ដែលមានស្លាកសញ្ញា (ឡូហ្គោ) និងស្លាកលេខនគរបាល ទៅរៀន និងមានការមិនពេញចិត្តពីប្រជាពលរដ្ឋ និងមន្ត្រីជាច្រើន ចំពោះអាណាព្យាបាលសិស្សម្នាក់នោះ ដែលបណ្តោយឲ្យកូនយករថយន្តអង្គភាពនគរបាលជាតិ ទៅប្រើប្រាស់ខុសគោលដៅបែបនេះ ស្រាប់តែលោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម័យប្រើស្បែក ដើម្បីឲ្យរាស្ត្រនឹករលឹកអ្នកដទៃ។

លោកជំទាវ ហ៊ុន ស៊ីណាត

លោកស្រីហ៊ុន ស៊ីណាត បានចែករំលែករូបភាពនិងសំណេររិះគន់ករណីសិស្សបើកឡានសារ៉ែនប៉ូលិស ទៅរៀននោះ នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយសំណេរខ្លីថា “សម័យប្រើស្បែក ដើម្បីឲ្យរាស្ត្រនឹករលឹកអ្នកដទៃ»។

គណនីបណ្ដាញសង្គម ហ្វេសប៊ុក “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វា» បានបង្ហោះរូបនិងសំណេរពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា “ញាក់សាច់ ឈ្នះអស់មារសត្រូវ សិស្សសាលាឯកជន ជិះសុទ្ធតែឡានសារ៉ែន ស្លាកលេខ នប មករៀន ពិតជាអស្ចារ្យ មហាលោតផ្លោះមែន ផ្លូវ 6A មិនទាន់ស្ទះដល់ថ្នាក់ប្រើឡានសារ៉ែនទេ ទានម្ចាស់ !!!

រាល់ថ្ងៃ ខ្ញុំបាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ 6A ពិតជាមានការខ្លាចរអា ព្រោះខ្លាចបើកបរប៉ះពារជាមួយឡានសមត្ថកិច្ចនេះ ដែលបើកបរដោយយុវជនមួយរូប រៀននៅសាលា AIS និង AII សាខាជ្រោយចង្វា ជួនកាលភ័យចង់លេចអាចម៍ ដែលអ្នកបើកឡាននេះមករៀន គាត់ចុចសំឡេងសារ៉ែន បើកភ្លើងញាក់របស់គាត់ម្ដងម្កាល។

ប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំបាទ មានចម្ងល់ថា តើឡានខាងលើ ជារបស់លោកណា? អង្គភាពណា? ឋិតក្នុងចំណុះអគ្គនគរបាលជាតិ ឬក្រសួងមហាផ្ទៃ ប៉ះពាល់ទឹកចិត្តប្រជាជនខ្លាំងណាស់ កុំយកស្បែកមកលេងសើចអ៊ីចឹង ដោយសេចក្ដីគោរព និងសូមរាយការណ៍ជូនថ្នាក់លើ ជួយមើលផង»។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា គេបានឃើញសិស្សសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វា ជិះរថយន្តសារ៉ែនរបស់នគរបាល មួយគ្រឿង ទៅសាលា និងចតមុខសាលាយ៉ាងខែងរ៉ែង នាំឱ្យផ្ទុះការប្រតិកម្មយ៉ាងខ្លាំង។ រថយន្តនេះ ត្រូវបានប្រទះឃើញចតនៅមុខសាលា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែប្រភពបានអះអាងថា រថយន្តសារ៉ែន របស់អង្គភាពនគរបាលនេះ ត្រូវបានគេឃើញសិស្សខាងលើ ជិះទៅរៀន ជាច្រើនលើកមកហើយ។

យោងតាមប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា សិស្សដែលជិះរថយន្តសារ៉ែន ទៅរៀននេះ មានឈ្មោះ ឧត្តម រៀនថ្នាក់ទី១១។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវថា តើរថយន្តសារ៉ែន មួយគ្រឿងនេះ ជាកម្មសិទ្ធិរបស់អង្គភាពណាមួយ? ព្រោះការអនុញ្ញាតឱ្យកូនយករថយន្តអង្គភាព ជិះទៅសាលាលក្ខណៈឯកជនបែបនេះ ជារឿងមិនត្រឹមត្រូវឡើយ។

យ៉ាងណា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានកោះហៅក្មេងប្រុសឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន AIS នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន  និងមនុស្ស២នាក់ទៀត  ឈ្មោះ តាន់ វិទ្យាបុត្រ ជាបងប្រុស (ម្ចាស់រថយន្ត) បម្រើការជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ  និងម្នាក់ទៀត ឈ្មោះ ភ័ណ្ឌ ជីវិន ជាម្ចាស់ដើមរថយន្ត បម្រើការជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលមកបំភ្លឺនីស្នងការនគរបាលរាជធានីភ្នំពេញ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសឈ្មោះតាន់ សម្បត្តិឧត្តម បានធ្វើការសុំទោសដល់អគ្គស្នងការនគរបាលជាតិ ហើយទទួលស្គាល់ថា ពិតជាបានជិះរថយន្តសារ៉ែនរបស់អង្គភាពនគរបាលទៅសាលារៀនពិប្រាកដមែន។ ហើយក្មេងប្រុសរូបនេះបានបដិសេធថា ឪពុករបស់លោកមិនមែនជាស្នងការរងនគរបាលរាជធានីភ្នំពេញនោះទេ៕ កុលបុត្រ

RELATED ARTICLES