Saturday, June 21, 2025
Homeតារាខ្មែរខេម ប្រាប់ដោយមិនឲ្យអ្នកសារព័ត៌មានសួរមុន រឿងគេថា ព្រាប សុវត្ថិ...

ខេម ប្រាប់ដោយមិនឲ្យអ្នកសារព័ត៌មានសួរមុន រឿងគេថា ព្រាប សុវត្ថិ…

ដោយមិនចាំបាច់អ្នកកាសែតដាក់ជាសំណួរចំៗនោះ តារាចម្រៀង Galaxy លោកប៉ុន សុណារិន ហៅខេម ដែលទំនងជាចង់និយាយរឿងនេះជាយូរមកហើយ ដើម្បីឲ្យបានធូរទ្រូងខ្លះនោះ ទើបលោកទម្លាយរឿងលាក់ទុកក្នុងចិត្តប្រាប់អ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះថា មានអ្នកខ្លះថា រូបលោកចាត់ទុកលោកព្រាប សុវត្ថិ ដូចជាឆ្អឹងទទឹងក ព្រោះលោកជាអ្នកចូលផលិតកម្មនេះមុន តែពេលនេះផលិតកម្មហាក់លើកស្ទួយ ឬធ្វើបទចម្រៀងឲ្យព្រាប សុវត្ថិ ល្បីជាងដែលចំណុចនេះ លោកខេម អះអាងថា រូបលោក និងព្រាប សុវ​ត្ថិ មិនដែលមានការអាក់អន់ស្រពោនចិត្តគ្នានោះទេ។

លោកខេម បាននិយាយដោយខ្លីថា លោកនិងលោកព្រាប សុវត្ថិ គឺធ្វើការជាលក្ខណៈគ្រួសារ Galaxy ជាមួយគ្នា ហើយអ្វីៗជាការរៀបចំរបស់ក្រុមហ៊ុន គ្មានរឿងអន់ចិត្តអីជាមួយគ្នាឡើយ។

នេះជារឿងភ្ញាក់ផ្អើលមួយដែ រដែលលោកខេម សុខៗបានសុំបំភ្លឺរឿងនេះ មុនអ្នកកាសែតចោទសួរ ដែលការបកស្រាយរឿងនេះ ត្រូវបានគេសន្និដ្ឋានថា លោកខេម មានចេតនាកុំឲ្យមហាជនយល់ច្រឡំលើរឿងនេះទៀត ព្រោះថាលោកមិនដែលអាក់អន់ស្រពន់ចិត្តដោយសារតែលោកព្រាប សុវត្ថិ លេចធ្លោ ឬល្បីល្បាញជាងលោកឡើយ ព្រោះការរៀបចំបទចម្រៀង គឺនៅលើ Galaxy ជាអ្នកចាត់ចែង។

ទោះជាយ៉ាងណា គេកត់សម្គាល់ថា មុនលោកខេម និយាយរឿងដ៏រសើបមួយនេះ ធ្លាប់មានការលើកឡើងពីអ្នកជំនាញសិល្បៈថា ខេម ដែលធ្លាប់ជាតួឯករបស់ផលិតកម្មថោន នោះ ពេលនេះចូល Galaxy គឺបានត្រឹមតែការធ្វើជាតួរងលោកព្រាប សុវត្ថិ ប៉ុណ្ណោះ ព្រោះថាថៅកែផលិតកម្មមិនឲ្យខេម ល្បីជាងព្រាប សុវត្ថិ ឡើយ។

ការអះអាងបែបនេះដោយសារតែពេលខេម ចូល Galaxy ដំបូងលោកមានឱកាសច្រៀងសម្ដែងបទចម្រៀងឆ្លងឆ្លើយជាមួយកញ្ញាតន់ ច័ន្ទសីម៉ា ផ្ទុះជាច្រើនបទ តែពេលព្រាប សុវត្ថិ ចូល Galaxy ដែរ ថៅកែផលិតកម្មតម្រូវឲ្យលោកព្រាប សុវត្ថិ ចាប់ដៃជាមួយកញ្ញាតន់ ច័ន្ទសីម៉ា វិញម្ដង ដែលធ្វើឲ្យខេម ចុះខ្សោយ និងប្រឈមស្ងប់ស្ងាត់ជាងមុន ទើបលេចឮថា ខេម មិនសប្បាយចិត្តឡើយ រហូតចាត់ទុកលោកព្រាប សុវត្ថិ  ជាឆ្អឹងទទឹងកទៀតផង តែពេលនេះ ខេម ថាគ្មានរឿងដូចគេនិយាយនោះទេ ព្រោះតែលោក និងព្រាប សុវត្ថិ មិនដែលមានរឿងអីអន់ចិត្តជាមួយគ្នាឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាខេម ពេលនេះមិនសូវលេចធ្លោដូចមុនក្ដី ប៉ុន្ដែតំណែងតារាចម្រៀងរូបនេះគ្មានតារាណាអាចដណ្ដើមបានឡើយ ព្រោះថា ខេម ច្រៀងស្ទីលស្អក គឺគេមិនអាចធ្វើបានដូចទេ។

ដោយឡែក រឿងដែលខេម មិនសូវលេចធ្លោដូចព្រាប សុវត្ថិ នេះ ដោយសារតែមុននេះ ខេម បានផ្ទុះជម្លោះដ៏ចម្រូងចម្រាសជាមួយថៅកែថោន ហើយទាំងក្នុងនិងក្រៅស្រិល្បៈ ភាគច្រើនចាត់ទុកថា ខេម គឺជាអ្នកខុស ហេតុនេះហើយបានជាធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះខេម តិចតួច នៅពេលទៅដល់ផលិតកម្មថ្មីនេះ ដែលខុសពីព្រាប សុវត្ថិ ពេលចេញពីហង្សមាស ចូល Galaxy លោកបានសរសើរនិងអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ហង្សមាស ទើបធ្វើឲ្យមហាជនយល់ថា ខេម និងព្រាប សុវត្ថិ មិនដូចគ្នាឡើយ។

ថ្វីត្បិតតែពេលនេះ ខេម ហាក់មិនសូវរីករាយ ព្រោះមិនសប្បាយចិត្តរឿងដែលគេថា លោក និងព្រាប សុវត្ថិ មានបញ្ហាជាមួយគ្នាក្ដី ប៉ុន្ដែក្រឡេកមើលរឿងស្នេហារបស់ខេម និងអនាគតប្រពន្ធ កញ្ញាស្រីកា ដែលជាអាណិកជនខ្មែរ មកពីបារាំងវិញ គឺពេលនេះពួកគេកាន់តែស្អិតល្មួតជាមួយគ្នាខ្លាំងឡើងៗ រហូតដល់ពួកគេហ៊ានរាំស្លូវឱបគ្នាក្នុងកម្មវិធីមង្គលការផ្សេងៗទៀតផង។

ប៉ុន្តែខេម ធ្លាប់បានអះអាងថា មិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ឡើយ បន្ទាប់ពីបានភ្ជាប់ស្នេហ៍ទ្វីបនេះ រយៈពេលជិត៥ឆ្នាំមក៕   ហ៊ឹម វិចិត្រ

RELATED ARTICLES