សុខ ស្រីនាង មិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាចំហម្ដងណា ក្រោយលែងប្ដី លោកស៊ី សុវត្ថិ ជាង១០ឆ្នាំនោះ ស្រាប់តែថ្មីៗនេះនាងត្រូវបានតារាជ្រករួមដំបូលតែមួយ លោកណុប បាយ៉ារិទ្ធ ដែលមានរហ័សនាមថា តារាមុខក្មេងសំឡេងចាស់នោះ បានបង្ហាញភាពស្និទ្ធស្នាលដូចគូស្នេហ៍ តាមរយៈការយកផ្កាកូលាប១បាច់ឲ្យនាង នៅលើអគារខ្ពស់មួយ ចំថ្ងៃទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ ហើយអ្នកទាំង២ បញ្ចេញកាវិការហាក់ខុសពីមិត្តភាពធម្មតា ទើបធ្វើឲ្យទស្សនិកជនជាច្រើនកាន់តែសង្ស័យពីទំនាក់ទំនងរបស់ពួកគេទាំង២។

ប៉ុន្ដែយោងតាមតារាចម្រៀងដែលស្និទ្ធទាំងសុខ ស្រីនាង និងណុប បាយ៉ារិទ្ធ បានបង្ហើបឲ្យដឹងថា រឿងនោះមិនអាចទៅរួចទៅវិញ ព្រោះតែគេដឹងថា ស្រីនាង ស្រលាញ់មនុស្សប្រុសយ៉ាងម៉េច ហើយហេតុអ្វីបានជាលោកបាយ៉ារិទ្ធ មិនព្រមយកសង្សារ ឬប្រពន្ធជាច្រើនឆ្នាំមកនេះ ដោយពួកគេសំអាងថា នោះគ្រាន់តែជាឈុតមួយដើម្បីឲ្យគេចាប់អារម្មណ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំង២ បានថតភាពយន្ដជាមួយគ្នា រឿង ”រាជិនីភូមិគ្រឹះ” និងរឿង ”ខ្ញុំមានញាណលើស”។

ចំណែកសុខ ស្រីនាង ក៏ធ្លាប់បង្ហាញកាយវិការស្និទ្ធស្នាលជាមួយតារាប្រុសផ្សេងទៀតនៅហង្សមាស ដូចជា លោកហ្សូណូ និងព្រាប សុវត្ថិ ផងដែរ អំឡុងដែលពួកគេច្រៀងសម្ដែងជាមួយគ្នា។

ដោយឡែក លោកណុប បាយ៉ារិទ្ធ កន្លងមកក៏ធ្លាប់ជិតដិតជាមួយសុគន្ធ និសា និងឱក សុគន្ធកញ្ញា ដែរ តែតារាស្រីទាំងនោះមិនដែលបារម្ភខ្លាចលោកកេងចំណេញលើពួកគេឡើយ។ ប៉ុន្ដែគេក៏មិនដែលឃើញលោកបាយ៉ារិទ្ធ យកផ្កាទៅឲ្យនារីណាម្នាក់នៅលើអាកាសដូចយកឲ្យ ស្រីនាង នៅពេលនេះដែរ ទើបធ្វើឲ្យម្នាក់ៗស្រឡាំងកាំង និងលាន់មាត់ថា ”អ្ហាក! ពេលនេះ ណុប បាយ៉ារិទ្ធ ចាប់ផ្តើមរកឃើញមនុស្សពិសេសហើយតើ”។
សុខ ស្រីនាង បានរៀបការជាមួយលោកស៊ី សុវត្ថិ កាលពីខែមីនា ឆ្នាំ២០១០ និងបានលែងលះគ្នាទាំងចម្រូងចម្រាសទៅវិញ ដោយចំណងស្នេហ៍រក្សាបានតែជិត១ឆ្នាំប៉ុណ្ណោះ។

ក្រោយលែងជាប្ដីប្រពន្ធគ្នានោះ លោកស៊ី សុវត្ថិ បានប្រាប់អ្នកយកព័ត៌មានយើង ដោយផ្ដាំទៅប្រុសៗមួយចំនួនថា បើចង់បានស្រីនាង ធ្វើជាប្រពន្ធដាច់ខាតត្រូវមានរបស់២យ៉ាងជាប់ទៅជាមួយ នោះគឺទី១. អំណាច និងទី២. លុយ។ តែស្រីនាង មិនដែលឆ្លើយតបទៅអតីតប្ដីនោះទេ ហើយលោកស៊ី សុវត្ថិ បានយកប្រពន្ធថ្មី មុននាងយកប្ដីថ្មីជាច្រើនឆ្នាំមកហើយ។

សុខ ស្រីនាង តែងតែរក្សាភាពស្ងៀមស្ងាត់ និងមិនដែលហ៊ានលាតត្រដាងរឿងស្នេហាថ្មីនោះទេ គឺព្យាយាមលាក់បាំងជិតតែម្ដង។ យ៉ាងណា ប្រសិនបើពេលនេះ ស្រីនាង ពិតជាភ្ជាប់ស្នេហ៍ថ្មីជាមួយតារាចម្រៀងណុប បាយ៉ារិទ្ធ មែននោះ គឺនាងប្រឆាំងទាំងស្រុងទៅនឹងអតីតប្ដីនាង ដែលកំណត់ទុកជាមុនថា បុរសដែលអាចធ្វើជាប្ដីអតីតភរិយារបស់លោក គឺទាល់តែមានទាំងអំណាច មានទាំងលុយនោះ។

ក្រៅពីលេចឮថា សុខ ស្រីនាង -ណុប បាយ៉ារិទ្ធ ស្និតស្នាលគ្នាយ៉ាងចម្លែកនោះ គេឃើញតារាចម្រៀងហង្សមាស នាងប៉ាច គីមមួយ ក៏កំពុងបង្កាត់ភ្លើងស្នេហាជាមួយលោកសយ រតនៈ ខណៈដែលនាងវី ឌីណែត ពិសោធន៍ស្នេហ៍តន្រ្ដីករម្នាក់ផងដែរ។

ប៉ុន្តែមជ្ឈដ្ឋានអ្នកសិល្បៈនៅតែចាត់ទុកថា រឿងស្នេហាសុខ ស្រីនាង ជាមួយណុប បាយ៉ារិទ្ធ ស្ទើរតែ ១០០% គឺមិនអាចទៅរួចឡើយ ព្រោះថា អ្នកទាំង២ មានអារម្មណ៍ស្នេហ៍មិនដូចគ្នានោះទេ។ តែបើស្រីនាង ពិតជាភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នា ជាលើកទី២ ហើយនាងព្រមឲ្យលោកបាយ៉ារិទ្ធ ព្យាបាលដំបៅបេះដូងនាងមែននោះ គឺអ្នកដែលភ្ញាក់ផ្អើលជាងគេ ច្បាស់ជាអតីតប្ដីនាង លោកស៊ី សុវត្ថិ តែម្ដង៕ ហ៊ឹម វិចិត្រ
