Sunday, June 22, 2025
Homeព័ត៌មានជាតិមិនទុកយូរទេ!!! ឯកឧត្តម នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនលោកហាក់ លី

មិនទុកយូរទេ!!! ឯកឧត្តម នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនលោកហាក់ លី

ភ្នំពេញ ៖ មន្ត្រីនគរបាលពាក់ស័ក្តិ ៤ម្នាក់ ក្រោយពីចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងស្រវឹង បបួលនារីបម្រើទៅដេកជាមួយ អត់បាន ក៏បង្ករឿងឈ្លោះប្រកែកផ្អើលពេញហាង លុះថៅកែស្រីចេញមុខមកសម្របសម្រួល ស្រាប់តែផ្ទុះហិង្សាវាយដំ និងថែមទាំងដកកាំភ្លើងអាមេគំរាមបាញ់សម្លាប់ថៅកែស្រីនោះទៀតផង ជាហេតុធ្វើឱ្យកូនប្រុសស្ត្រីរងគ្រោះ ទទូចស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ជួយរកយុត្តិធម៌ជូនម្តាយរបស់ខ្លួន និងត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យស្រាវជ្រាវឃាត់ខ្លួនជនបង្កហេតុភ្លាមៗ។

ករណីមន្ត្រីនគរបាលផឹកស្រវឹង វ៉ៃនិងគំរាមបាញ់សម្លាប់ថៅកែស្រីហាងផឹកស៊ី ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងហាងផឹកស៊ីមួយកន្លែង យីហោ ជំនោរមករា មានទីតាំងស្ថិតនៅ ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង។ លុះមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសជាមន្ត្រីនគរបាលបង្កហិង្សាខាងលើ នាំយកមកសាកសួរ។

មន្ត្រីនគរបាលដែលទទួលរងការចោទប្រកាន់ មានឈ្មោះហាក់ លី ហៅពៅ មានឋានន្តរស័ក្តិវរសេនីយ៍ទោ តួនាទីជានាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឡោ សារុំ ជាម្ចាស់ហាងខាងលើ។

គួរបញ្ជាក់ថា លោកវរសេនីយ៍ទោ ហាក់ លី ត្រូវបានស្ត្រីម្នាក់ប្តឹងថា បានប្រើហិង្សា និងគំរាមបាញ់មកលើខ្លួន នៅក្នុងហាងផឹកស៊ី “ជំនោរមករា” ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារខឹងបបួលស្រី ទៅរួមភេទជាមួយខ្លួនអត់បាន។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង លើស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

លោកវេសនីយ៍ឯក សាន សុខសីហា បានបន្តទៀតថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកហាក់ លី ពិត ជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេ ក្នុងខេត្តព្រៃវែង។ លោកថា ពេលនេះ លោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួន។

ម៉្យាងវិញទៀត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តព្រៃវែង ជាមុនសិន៕

RELATED ARTICLES