ភ្នំពេញ ៖ រថយន្តសឺរ៉ែនមួយគ្រឿងរបស់អង្គភាពនគរបាល ត្រូវបានគេឃើញសិស្សសាលាអន្តរទ្វីបអាមេរិកាំងម្នាក់ បើកចតមុខសាលា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើឲ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកខ្លះទៀតបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើឪពុកម្តាយរបស់សិស្ស ដែលបណ្តោយឲ្យកូនយកឡានអង្គភាពបើកដោយសេរីបែបនេះ ខណៈដែលរថយន្តសឺរ៉ែន គឺជារថយន្តអាទិភាពមួយ ដែលត្រូវបានគេប្រើសម្រាប់បើកនាំមុខ ឬក្បួនរបស់ថ្នាក់ដឹកនាំ ក៏ដូចជាក្បួនរបស់ភ្ញៀវអន្តរជាតិ ព្រមទាំងកម្មវិធីពិសេសៗដទៃទៀត។

ប្រភពពីអ្នករស់នៅក្បែរសាលាខាងលើ បានអះអាងថា រថយន្តសឺរ៉ែនរបស់អង្គភាពនគរបាលនេះ ត្រូវបានគេឃើញសិស្សខាងលើ ជិះទៅរៀនជាច្រើនលើកមកហើយ។
លោកគួច ម៉េងលី នាយកគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំង បានប្រាប់អ្នកសារព័ត៌មានថា ខាងសាលា មិនទាន់ដឹងថា រថយន្តមួយគ្រឿងជារបស់សិស្សរូបណានោះទេ។ សាលាមិនដែលមានអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តបែបនេះមកចតនៅបរិវេណសាលានោះដែរ។ យ៉ាងណា លោកនឹងស្រាវជ្រាវលើបញ្ហាមួយនេះ។

លោកក៏បានបញ្ជាក់ពីវិន័យ និងគោលការណ៍ក្នុងសាលារបស់លោកផងដែរថា មិនអនុញ្ញាតឱ្យសិស្សណាម្នាក់សំញ៉ែងតួនាទីឋានៈរបស់អាណាព្យាបាលនៅក្នុងសាលា ហើយក៏មិនអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធ ឬអំណាចអាណាព្យាបាលនៅក្នុងសាលានោះឡើយ។

ដោយឡែក ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ គឺលោកវរៈសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ការអនុញ្ញាតឱ្យកូនយករថយន្តសឺរ៉ែននេះ ជិះទៅសាលាលក្ខណៈឯកជន ជារឿងមិនត្រឹមត្រូវនោះឡើយ។ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរថយន្តសឺរ៉ែននេះ ជាកម្មសិទ្ធិរបស់អង្គភាពណាមួយ?៕