ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងបានសម្រេច រួចក៏ទៅដឹកស្រីស្នេហ៍ឡើងផ្ទះសំណាក់ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចុះបង្ក្រាបដល់ក្នុងបន្ទប់ផ្ទះសំណាក់ទាំងកណ្តាលយប់។
ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់យីហោ មានជ័យ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។

លុះមកដល់វេលាម៉ោង១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ទើបសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ យីហោ សែនសុខ មានទីតាំងស្ថិតនៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឌី ចាន់ហៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីចោរលួចម៉ូតូមួយបានកើតឡើង នៅចំណុចផ្ទះសំណាក់យីហោ មានជ័យ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាឱ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវតាមរកមុខសញ្ញា ។ រហូតដល់ម៉ោង១២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឌី ចាន់ហៀង នៅត្រង់ចំណុចផ្ទះសំណាក់សែនសុខ ស្ថិតនៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

លោកអធិការនគរបាលក្រុង យឹម ស៊ាងហៃ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឌី ចាន់ហៀង បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ម៉ាកខាងលើពិតប្រាកដមែន។
បន្ទាប់ពីបានចម្លើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕