Sunday, June 22, 2025
Homeព័ត៌មានជាតិស្តាយណាស់... ម្ចាស់បានត្រឹមអង្គុយមើល ចម្ការអំពៅ៨០ហិកតារ ឆេះគ្មានសល់

ស្តាយណាស់… ម្ចាស់បានត្រឹមអង្គុយមើល ចម្ការអំពៅ៨០ហិកតារ ឆេះគ្មានសល់

ខេត្តស្វាយរៀង ៖ ចម្ការអំពៅ ចំនួន៨០ហិកតារ ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង ដោយសង្ស័យមានជនខិលខូចលួចដុតបំផ្លាញ។

តាមសមត្ថកិច្ចនគបាលស្រុកស្វាយទាប បានឱ្យដឹងថា ករណីភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប។

ចម្ការអំពៅដែលទទួលរងការឆាបឆេះខាងលើនេះ គឺជារបស់ក្រុមហ៊ុនលោកកុយ សារ៉េន មានលំនៅក្នុងភូមិពពែត ឃុំពពែត ស្រុកស្វាយទាប។

ប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា មានភ្លើងឆេះចម្ការអំពៅភ្លាម សមត្ថកិច្ចបានដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ពន្លត់ រយៈពេលជាង​២ម៉ោង ទើបភ្លើងបានរលត់អស់វិញទាំងស្រុង នៅវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀល ថ្ងៃដដែល ដោយភ្លើងឆេះមានទ្រង់ទ្រាយធំពេកមិនអាចគ្រប់គ្រង និងជួយពន្លត់បាន ម្យ៉ាងមេឃមានកម្តៅខ្លាំង និងមានខ្យល់បក់បោកផង​ ទើបឆេះរាលលឿនបែបនេះ។

ក្រោយការពិនិត្យស្ថានភាពរួច សមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះចម្ការអំពៅនេះ គឺមានជនខិលខូចលួចដុត។

ក្រោយកើតហេតុ កងកម្លាំងសមត្ថកិច្ចនគបាលស្រុកស្វាយទាប បានសហការជាមួយកម្លាំងនគរបាលវរការពារព្រំដែន ដំណាក់ព្រំដែនមនោរម្យ និងកងយោធពលខេមរភូមិន្ទ វរៈការពារព្រំដែនចុះអង្កេតស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES