ភ្នំពេញ ៖ តារាសម្ដែងមាន សូនីតា បានសម្ពោធហាងកាហ្វេ ”ណ” NOIR COFFEE ដែលមានទីតាំងនៅផ្លូវ១៣៥ សង្កាត់ទួលទំពួង១ ខណ្ឌចំការមន រជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ ដែលពិធីនេះនាងធ្វើផ្គួបការប្រារព្ធថ្ងៃខួបកំណើតរបស់នាងផងដែរ។

សូនីតា បានឲ្យដឹងថា នាងជាទូតសុច្ឆន្ទៈ (Brand Ambassador) របស់ ”ណ” NOIR COFFEE ដែលមានប្រភពមកពីខេត្តសៀមរាប នេះ ហើយហាងផ្ទាល់ខ្លួននេះ គឺជាសាខាទី១០តែម្ដង របស់ ”ណ កាហ្វេ” ដែលមុខជំនួញនេះ នាងចូលហ៊ុនជាមួយមិត្តភក្ដិដល់ទៅ៧នាក់។

សូនីតា បញ្ជាក់ថា ការសម្ពោធរាត្រីនេះចំថ្ងៃខួបរបស់នាង ហើយ ”ណ” ផ្ដោតលើការបើកលក់កាហ្វេ តែនៅពេលខាងមុខ នៅហាងដដែលនេះនាងនឹងសម្ពោធ ”អ” វិញ នៅបរិវេណកណ្ដាលហាង ដែលផ្ដោតលើអ្នកចូលចិត្តបែប Classic ។

តារាសម្ដែងរូបនេះបន្ថែមថា ពាក្យថា ”ណ” នេះ គឺមានន័យថា ជាប្រែនខ្មែរ ហើយចង់អភិរក្សព្យព្ជានៈអក្សរខ្មែរ តែម្ដង។ នាងថា ហាង “NOIR COFFEE” នេះ ក្រៅពីមានអ្នកជំនាញឆុងកាហ្វេដ៏ឈ្ងុយឆ្ងាញ់នោះ នៅទីនេះក៏មានអាហារជាច្រើនមុខ រសជាតិពិសេសជាងកន្លែងផ្សេងទៀត ដូចជា មីខគោ , បាយឆាកាពិ និងម្ហូបជាច្រើនទៀត ដែលមានតម្លៃសមរម្យ ហើយជារៀងរាល់ខែ ហាងនឹងច្នៃមុខម្ហូបថ្មីរហូត។

ក្រៅពីក្លាយជាថៅកែស្រី “NOIR COFFEE” មាន សូនីតា ក៏មានហាងផ្ទះស្រលាញ់ផងដែរ ដែលបញ្ជាក់ថា ពេលនេះនាងកាន់តែលូកដៃជ្រៅចូលទៅវិស័យជំនួញ ច្រើនជាងការងារសិល្បៈ។

ទោះជាយ៉ាងណា តារាមានរហ័សនាមថា ”រាជិនីក្រមា” រូបនេះ បញ្ជាក់ថា នាងនៅតែបន្ដអាជីពសិល្បៈជាធម្មតា ហើយនៅដើមឆ្នាំ២០២១ នេះ នាងបានថតចប់រឿងភាគថ្មីឲ្យទូរទស្សន៏មួយ នឹងត្រៀមដាក់បញ្ចាំង។ នាងថា ហាងកាហ្វេនេះជាអ្វីដែលនាងស្រលាញ់ពេលនេះទើបបានសម្រេចបំណង។

ប៉ុន្ដែសូនីតា មិនបញ្ជាក់ថា ប្រើដើមទុនអស់ប៉ុន្មានឡើយ តែតាមរយៈការឌីហ្សាញយ៉ាងប្រណីតនោះ ច្បាស់ជាចូលសែនដុល្លារជាមិនខាន៕
