ខេត្តកណ្តាល ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ រស់នៅក្បែរកំពង់ចម្លងអរិយក្សត្រ ថាមានករណីក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន តែងដើរអុកឡុក លួចកាប់ផលដំណាំប្រជាពលរដ្ឋទាំងថ្ងៃ ដោយមិនទាន់មានចំណាត់ការពីសមត្ថកិច្ចមូលដ្ឋាន ស្នងការនគរបាលខេត្តកណ្តាល បានចាត់វិធានការចុះបង្ក្រាប ជាបន្ទាន់ភ្លាមៗ។

តាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលក្នុងប្រអប់សារ នៃទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា “នៅជិតកំពង់ចម្លងអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម មានក្រុមមនុស្សជួញដូរនិងប្រើប្រាសគ្រឿងញៀន មួយក្រុម និងក្រុមចោរដើរ លួចកាប់ផ្លែចេក ទាំងថ្ងៃ ហើយបានរាយការណ៍ឱ្យប៉ុស្តិ៍ តែប៉ុស្តិ៍ពុំមានចំណាត់ការឡើយ” រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកល្វាឯម ធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញាដែរប្រជាពលរដ្ឋបានរាយកាណ៍ជាបន្ទាន់។

ជាលទ្ធផល នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអរិយក្សត្រ ធ្វើការបង្ក្រាបក្រុមមុខសញ្ញាខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជុន ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរយាមដីចម្ការ មានលំនៅក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ចំណែកបក្ខពួកមួយចំនួន រត់គេចខ្លួនបាត់។ វត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន ៤កញ្ចប់តូច និងសម្ភារ:សម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន មួយចំនួន។

ករណីនេះ ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ហើយទើបបន្តសម្មភាពជាថ្មី កន្លងមក កម្លាំងជំនាញ បានក្តាប់ព័ត៌មាន និងតាមដានដើម្បីបង្ក្រាបជាប្រចាំ៕