ក្រោយបង្ហាញតម្រុយមានគូស្នេហ៍ជាច្រើនខែមកនេះ កញ្ញារ៉េត ស៊ូហ្សាណា បានជ្រើសផ្លូវសាងស្នេហ៍ដោយលាក់លៀមបន្ដទៀត ខណៈដែលតារារួមទ្រនំ ដូចជា អ្នកនាងពេជ្រ សោភា និងប៉ាច គីមមួយ ជាដើម មិនញញើតបង្ហាញមុខបណ្ដូលចិត្តឡើយ។

ប៉ុន្ដែអ្វីដែលចម្លែក អំឡុងពេលធ្លាយរឿងមានសង្សារនេះ ហ្សាណា ក៏បានបង្ហាញការទិញផ្ទះ១ល្វែង កណ្ដាលរាជធានីភ្នំពេញ ដែលមានតម្លៃដល់ទៅជិតកន្លះលានដុល្លារផងដែរ ទើបធ្វើឲ្យគេសង្ស័យថា នោះជាផ្ទះទ្រនំស្នេហ៍របស់នាងតែម្ដង។

រ៉េត ស៊ូហ្យាណា ច្រៀងឲ្យហង្សមាស ជាង៣ឆ្នាំ តែមិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាឡើយ ព្រោះតែកន្លងមកតារាធ្មេញច្រពើសរូបនេះ ត្រូវបានឪពុកម្ដាយតាមការពារជាប្រចាំតែម្ដង សូម្បីតែទូរស័ព្ទ ក៏ម្ដាយនាងជាអ្នកលើកជំនួសដែរ ទើបធ្វើឲ្យប្រុសៗដែលចង់ឆក់ស្នេហ៍បរាជ័យយកបេះដូងស្រីស្អាតរូបនេះ។

ប៉ុន្តែកាលពីពាក់កណ្ដាលឆ្នាំ២០២០ រ៉េត ស៊ូហ្សាណា បានបញ្ចេញសារអមដោយរូបភាពកាន់ដៃបុរសម្នាក់ ហើយនាងបានស្នើសុំកុំឲ្យប្រុសនោះព្រលែងដៃនាងទៀតផង ទើបគ្រប់គ្នាដឹងថា តាមពិតស្រីស្អាតរូបនេះមិនមែនបេះដូងនៅទំនេរឡើយ។

ទោះជាយ៉ាងណា ហ្សាណា មិនដែលហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ គឺបទជិតតែម្ដង ហើយនាងក៏ព្យាយាមគេចចេញពីការសម្ភាសន៍របស់អ្នកកាសែតផងដែរ ទើបគេនៅមិនទាន់ដឹងពីអត្តសញ្ញាណនៃគូស្នេហ៍របស់នាង។

រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងហង្សមាស ដែលមានតែនាងម្នាក់គត់ ក្នុងចំណោមតារាស្រីនៅផលិតកម្មធំនេះ ស្ទុះឡើងអំឡុងកូវីដ-១៩ ផ្ទុះនេះ ទើបធ្វើឲ្យនាងកាន់តែមានយីអុនល្អ ក្នុងការឈានទៅប្រជែងជាមួយតារាស្រីជួរមុខ។

ប៉ុន្ដែអ្នកជំនាញសិល្បៈ លោកម៉ិញ សុធីវណ្ណ អះអាងថា ស៊ូហ្សាណា មិនទាន់អាចប្រជែងជាមួយតារាខ្លាំងៗ ដូចជា ឱក សុគន្ធកញ្ញា បានទេ ព្រោះនាងលេចធ្លោតែការច្រៀងបទជាភាសារបរទេស និងរូបសម្រស់ ចំណែកការច្រៀងបទខ្មែរ គឺនៅមានកម្រិត។

ផ្ទុយពីការយល់ឃើញបែបនេះ តារាចម្រៀងពេជ្រ សោភា ថា រ៉េត ស៊ូហ្សាណា អាចជំនួសតារាស្រីខ្លាំងៗនៅហង្សមាស នៅពេលដែលនាង ឬតារាផ្សេងៗទៀតចូលវ័យចាស់ទៅ៕