ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់បានចុះទៅងូតទឹកទន្លេតែម្នាក់ឯង លុះក្រោយមក ក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ ទើបកូនចៅនាំគ្នាតាមទៅរកមើល និងសង្ស័យថា លង់ទឹក ក៏ចុះទៅរាវរកដែរ តែរកមិនឃើញសោះ លុះ១ថ្ងៃក្រោយមក ទើបប្រទះឃើញសាកសពជនរងគ្រោះអណ្តែតក្នុងទឹកទន្លេ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមាត់ទន្លេ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក។
បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះហឿង ហ៊ីប អាយុ៧៨ឆ្នាំ ជាជនជាតិវៀតណាម មុខរបរលក់ដូរ មានលំនៅក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះហឿង ហ៊ីប បានចុះទៅងូតទឹកទន្លេ ហើយបានបាត់ខ្លួន។ លុះប្រហែលជា១ម៉ោង ដោយពុំឃើញឡើងផ្ទះវិញ ទើបកូនចៅបានចុះទៅរកនៅមាត់ច្រាំងទន្លេ ពេលទៅដល់ឃើញតែស្បែកជើងនិងខោខ្លី តែមិនឃើញមនុស្ស ទើបឆោឡោនាំគ្នាចុះមុជរាវរកក្នុងទឹកទន្លេ តែរាវរកពុំឃើញ។
រហូតដល់វេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ទើបសាកសពបានអណ្តែតឡើង និងត្រូវបានក្រុមគ្រួសារចុះស្រង់ឡើងមកលើគោក និងបានរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកពិនិត្យវិភាគរបស់អធិការដ្ឋាន គ្រូពេទ្យ មេភូមិ ក្រុម ប្រឹក្សាឃុំ បានចុះទៅដល់ផ្ទះជនរងគ្រោះ ហើយធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕