សព្វថ្ងៃនារីគ្រប់ជាតិសាសន៍ តាំងពីបឋមវ័យ ដល់វ័យកណ្តាល និងមានស្ត្រីខ្លះក្លាយជាជីដូនគេទៅហើយ នៅតែលាបថ្មាំក្រចកដៃ ក្រចកជើង បបូរមាត់ក្រហម ហើយបើមានពិធីរៀបមង្គលការ ជប់លៀង តែងលើកសក់ជាផ្នួង រុំឆ្វាក់ដោយភួងផ្កាសិប្បនិមិត្ត។
លុះសាកសួរថា ប្រពៃណីនេះមានប្រភពពីណា? គាត់អត់ដឹង ទើបខ្ញុំព្យាយាមស្រាវជ្រាវ យកមកបង្ហាញជូននៅពេលនេះ
នៅសម័យអង្គរ ព្រះមហាក្សត្រ ព្រះរាជិនី ព្រះរាជវង្សានុវង្ស មុននឹងយាងចេញទៅណាម្តងៗ តែងយកថ្នាំពណ៌ក្រហម មកលាបបាតព្រះហស្ត បាតព្រះបាទ (បាតដៃ បាតជើង) និងពាក់ចិញ្ចៀនគ្រប់អង្គុលី (ម្រាមដៃ) ទាំង១០។ ចំពោះនារីអភិជន ក្នុងចង្កោមមន្ត្រី សេដ្ឋី កុដុម្ពិក: ក៏បើកឲ្យស្រីៗលាបបាតដៃបាតជើង បួងសក់ដូចរាជវង្សដែរ តែបុរសមិនឲ្យលាបទេ។

ចំពោះការបួងសក់ បុរសៗដែលទុកសក់វែងក៏បួងដែរ ដោយមានឃ្នាបសក់ ឬ “ស៊យ” ធ្វើពីមាស សម្រាប់គាបសក់កុំឲ្យរលា។ ក្រោយមក បានឈប់លាបបាតដៃ បាតជើង នៅត្រឹមលាបក្រចកទាំង២០ លាបបបូរមាត់ បួងសក់ទាំងរាស្ត្រ ទាំងស្តេច ទាំងនាហ្មឺន ជាប់រហូតមកដល់សព្វថ្ងៃ។
ប្រពៃណីនេះ គឺយកតាមគំរូព្រះសម្មាសម្ពុទ្ធ បរមគ្រូព្រោះតែព្រះអង្គ មានមហាបុរិសលក្ខណ: (លក្ខណ:ជាប្រុស) ខុសពីមនុស្សសាមញ្ញ។ លក្ខណ:ខុសប្លែកពីគេនោះមាន៣២ប្រការ ជាពិសេស ព្រះនខា (ក្រចក) ទាំង២០ មានពណ៌ក្រហម ពីកំណើត ឯរឹមព្រះឱស្ឋ (បបូរមាត់) ក៏ក្រហមស្រិល មានក្លិនចេញពីព្រះឱស្ឋដូចក្លិនផ្កាឧប្បល នៅពេលព្រះអង្គមានព្រះបន្ទូល ឬសម្តែងធម៌ទេសនា។
លុះយាងទៅសាងព្រះផ្នួស ទ្រង់កាត់ព្រះកេសាដ៏វែង ដោយព្រះខ័ន នៅសល់ប់ុន្មាន ក៏វិលជាទក្ខិណាវដ្ត ប្រទាក់គ្នា ក្លាយជាព្រះមោលី (ផ្នួងសក់ ឬកញ្ចុំសក់កំពូល) មិនដុះទៀតទេ រហូតដល់យាងចូលបរិនិព្វាន។ នៅក្នុងរជ្ជកាល ព្រះបាទអសោកមហារាជ នៃជម្ពូទ្វីប ឆ្នាំ២១៨ មុនគ្រិស្តសករាជ ស្តេចចក្រពត្តិអង្គនេះបានចាត់សមណទូត ឲ្យនិមន្តទៅផ្សាយព្រះពុទ្ធសាសនាពេញពិភពលោក។

ដោយឡែក ព្រះអរហន្ត២អង្គ ព្រះនាមសោណកត្ថេរ និងព្រះឧត្តរត្ថេរ បាននិមន្តមកផ្សាយសាសនានៅសុវណ្ណភូមិ ក្នុងនោះ ក៏មាន នគរគោកធ្លក ផងដែរ។
នៅក្នងរជ្ជកាលព្រះបាទស្រីមារ: (ហ្វាន់ ចេម៉ាន់) និងកៅណ្ឌិន្យជ័យវរ័្មន ទ្រង់កាន់តាមព្រះពុទ្ធសាសនាហីនយាន ប៉ុន្តែចូលមកដល់រជ្ជកាលព្រះបាទ ជយវរ័្មនទី៧ និងព្រះអគ្គមហេសី ឥន្រ្ទទេវី ទ្រង់កាន់តាមនិកាយមហាយាន។ របៀបលាបបាតដៃបាតជើង ក៏ប្រែប្រួលបន្តិចម្តងៗ ទៅជាលាបក្រចក និងបបូរមាត់ បួងសក់ ឲ្យមានរាងកំពូល យកតាមព្រះនខា និងព្រះមោលី របស់ព្រះពុទ្ធ។
សូម្បីតែស្រីៗនៅប្រទេសឥណ្ឌា សិរីលង្កា នេប៉ាល់ ប្រភពពុទ្ធសាសនា ក៏នាំគ្នាលាបក្រចក លាបបបូរមាត់ ឲ្យក្រហមដូចចំពុះសេក។ បើព្រះពុទ្ធសាសនាផ្សាយទៅដល់ប្រទេសណា ស្រីៗប្រទេសនោះក៏តែងខ្លួនតាមគ្នា យកគំរូតាមព្រះទាំងអស់ ដើម្បីឲ្យមានសិរីសួស្តី សូម្បីតែកាន់សាសនាយេស៊ូ ក៏ឆ្លងតាមគ្នា។

សព្វថ្ងៃ ការលាបក្រចក កាន់តែជឿនលឿនតាមវិទ្យាសាស្ត្រ កាឡៃទៅជាពណ៌ខៀវ ពណ៌លឿង បាត់ទម្រង់ដើម ដែលធ្លាប់យកលំនាំតាមព្រះសម្មាសម្ពុទ្ធ បរមគ្រូ។ ហេតុនេះ បើនារីខ្មែរ ចង់ឲ្យប្រពៃណីលាបក្រចកវិលមកវិញ គួរលាបតែថ្នាំពណ៌ក្រហម បបូរមាត់ក្រហម ផ្នួងសក់ស្ពៃក្តោប បានហើយ កុំឲ្យហួសពីនេះ…៕
ឯកសារពិគ្រោះ :
-ប្រវត្តិពុទ្ធសាសនា នៅប្រទេសខ្មែរ (ព្រះភិក្ខុ ប៉ាង ខាត់)
-ឯកសារ ប្រពែណីអ្នកស្រុកចេនឡា (ជីវ តាក្វាន់)
ស្រាវជ្រាវដោយ ៖ ង៉ែត សោភ័ណ និពន្ធនាយករងទស្សនាវដ្តី “អង្គរធំ”
ថ្ងៃទី 25 ខែមករា ឆ្នាំ2021