Thursday, May 29, 2025
Homeព័ត៌មានជាតិចេញពីទាត់បាល់ទៅផ្ទះ បែរជាជួបរឿងបែបនេះ សំណាងល្អ បាននាយកសាលា

ចេញពីទាត់បាល់ទៅផ្ទះ បែរជាជួបរឿងបែបនេះ សំណាងល្អ បាននាយកសាលា

ខេត្តតាកែវ ៖ ក្មេងប្រុសម្នាក់ទើបនឹងចេញពីលេងបាល់ទាត់ ជិះកង់ត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវក្រុមក្មេងទំនើង១ក្រុម បានស្ទាក់ផ្លូវ កាប់ចំស្មាស្តាំ១កាំបិត បណ្តាលឱ្យដួលដេកទៅលើដី រួចព្រួតគ្នាវាយទាត់ធាក់យ៉ាងព្រៃផ្សៃថែមទៀត សំណាងល្អ បានលោកនាយកសាលាបឋមសិក្សាបារាយណ៍ ជិះឆ្លងកាត់ប្រទះឃើញស្រែកឆោឡោ ទើបក្រុមក្មេងស្ទាវទាំងនោះនាំគ្នាជិះម៉ូតូគេចចេញបាត់ស្រមោលអស់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទាត់ផ្លូវបេតុង ក្នុងបរិវេណវត្តបារាយណ៍ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូនកែវ។

ក្មេងប្រុសរងគ្រោះ ដែលត្រូវក្រុមក្មេងទំនើងព្រួតកាប់និងវាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំនោះ មានឈ្មោះឡា មុខរបរសិស្ស មានលំនៅក្នុងភូមិស្វាយជ្រំ សង្កាត់បារាយណ៍ ក្រុងដូនកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះ ឈ្មោះឡា បានជិះកង់ទៅលេងបាល់ទាត់នៅត្រង់ចំណុចតារាងបាល់ទាត់ ទីតាំងកើតហេតុខាងលើ។ លុះដល់លេងចប់ ក្មេងប្រុសរងគ្រោះក៏បានទាញកង់ជិះទៅផ្ទះវិញ ស្រាប់តែភ្លាមៗនោះ មានសិស្សសាលាមួយក្រុមដែលជាក្មេងទំនើង ជិះម៉ូតូដេញតាមពីក្រោយជនរងគ្រោះដែលកំពុងជិះកង់ មកដល់ត្រងចំណុចកើតហេតុខាងលើ ក៏មានជនដៃដល់២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ ប្រដាប់ដោយកាំបិតបានកាប់ទៅលើជនរងគ្រោះ ចំស្មាស្តាំ បណ្តាលឱ្យរយះសាច់ស្មា រងរបួសយ៉ាងធ្ងន់ ធ្វើឱ្យជនរងគ្រោះដួលដេកទៅលើដី រួចក្រុមជនដៃដល់ បានទាត់ធាក់បន្ថែមយ៉ាងព្រៃផ្សៃ សំណាងល្អ បានលោកគ្រូ នាយកសាលាបឋមសិក្សា ចេញមកឃើញក៏ស្រែកនិងរត់មកជួយ ធ្វើឲ្យក្រុមក្មេងទំនើងដែលជាជនដៃដល់ ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូ មកពេទ្យសង្កាត់បារាយណ៍ តែដោយស្ថានភាពរបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្គ្រោះជីវិត និងដេរមុខរបួស រួចចាំដាក់ពាក្យបណ្តឹងតាមក្រោយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ប្រមូលភ័ស្តុតាង និងបាននាំសាក្សី២នាក់ ដែលឃើញហេតុការណ៍ទៅសាកសួរ ដើម្បីកំណត់មុខសញ្ញា វែកមុខជនដៃដល់ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES