ខេត្តប៉ៃលិន ៖ ជនជាប់ចោទម្នាក់បានប្រើអំពើហិង្សាវាយគូទំនាស់របស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេលជាង១ឆ្នាំ ទើបលបវិលចូលស្រុកវិញក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ឃាត់ខ្លួនតាមដីកាតុលាការ បញ្ជូនទៅចាត់ការតាមច្បាប់។

ជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះម៉ៅ ឆៃដែន អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ អធិការនគរបាលស្រុកសាលាក្រៅ បានចាត់ឱ្យលោកវរសេនីយ៍ត្រី ឡោ ពុធ អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៨,២០ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ចេញដោយលោកគឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះម៉ៅ ឆៃដែន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ពីបទអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស ប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបន្តទៅតាមនីតិវិធី៕