Wednesday, November 26, 2025
Homeព័ត៌មានជាតិពេលឮសូរគ្រាំង គាត់រត់ទៅមើល ហើយហៅអ្នកជិតខាងមកជួយ

ពេលឮសូរគ្រាំង គាត់រត់ទៅមើល ហើយហៅអ្នកជិតខាងមកជួយ

ខេត្តកណ្តាល ៖ ក្មេងប្រុស១ក្រុម មានគ្នា៤-៥នាក់ បាននាំគ្នាចូលទៅលេងនៅក្នុងដីឡូតិ៍មួយកន្លែង លុះចាស់ៗភ្លេចខ្លួនមិនបានតាមមើល ក៏ស្រាប់តែក្មេងទាំងនោះបាននាំគ្នាទៅរុញទ្វាររបងដែកលេង ស្រាប់តែរុញចុះរុញឡើងទ្វារផុតរបូតគន្លឹះ ក៏រលំមកសង្កត់ក្មេងប្រុសចំនួន២នាក់ ក្នុងនោះម្នាក់រងរបួសជើងស្រាល ចំណែកម្នាក់ទៀតផុងលលាដ៍ក្បាលស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់។

ករណីរលំទ្វារដែកសង្កត់ក្មេងប្រុសម្នាក់ស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខដីឡូតិ៍របស់ឈ្មោះឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះយាវ គី អាយុ៥០ឆ្នាំ ស្ថិតក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។

ក្មេងប្រុសរងគ្រោះដែលត្រូវទ្វារដែករលំសង្កត់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះរុន ចម្រុង អាយុ៩ឆ្នាំ មានលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក។ ចំណែកក្មេងប្រុសរងគ្រោះម្នាក់ទៀតដែលត្រូវទ្វារដែកខាងលើរលំសង្កត់ដែរនោះ ប៉ុន្តែរងរបួសស្រាល មានឈ្មោះភារ៉ា ឆៃរ៉ាត់ អាយុ១០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា (រងរបួសជើងឆ្វេងស្រាល)។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៣និង៤០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះឈ្មោះរុន ចម្រុង និងក្មេងៗប្រមាណ៤ទៅ៥នាក់ទៀត បាននាំគ្នាមកលេងនៅក្នុងដីឡូត៍របស់ជីតាឈ្មោះឆោម ឈាង និងយាយឈ្មោះយាវ គី ដោយរុញទ្វាររបងលេងទៅមកៗ ធ្វើឱ្យផុតគន្លឹះខ្ទាស់ទ្វារបណ្តាលឱ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុស២នាក់ ក្នុងនោះក្មេងប្រុសរងគ្រោះឈ្មោះរុន ចម្រុង ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធ័ម ចំណែកក្មេងប្រុសម្នាក់ទៀតឈ្មោះភារ៉ា ឆៃរ៉ាត់ ត្រូវចំជើងឆ្វេងរងរបួសស្រាល។

ដោយឡែក តាមការបំភ្លឺពីឈ្មោះសយ ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅជាប់ផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានឃើញក្មេងៗមានគ្នាមួយក្រុមបានចូលទៅក្នុងដីឡូត៍ជាប់ផ្ទះរបស់ខ្លួន ស្រាប់តែមួយសន្ទុះក្រោយមក ក៏លាន់ឮសំលេងគ្រាំង ធ្វើឱ្យនាងនិងប្តីបានស្ទុះទៅមើល ក៏ប្រទះឃើញឃើញទ្វាររបងដែករលំសង្កត់ក្មេង២នាក់ ហើយភ្លាមនោះ ប្តីរបស់នាងក៏បានស្រែកហៅអ្នកភូមិឱ្យមកជួយគាស់លើកទ្វារទាញយកក្មេងរងគ្រោះទាំង២នាក់ចេញ ក្នុងនោះក្មេងម្នាក់រងរបួសជើងស្រាលប៉ុណ្ណោះ ចំណែកក្មេងប្រុសម្នាក់ទៀតឃើញមានស្នាមបែកក្បាលផុងលលាដ៏ ដោយមិនមានកម្រើក និងគ្មានដង្ហើមសោះ។ បន្ទាប់មក ប្តីរបស់នាងក៏បានលើកបីក្មេងប្រុសរងគ្រោះរត់ឆ្លងផ្លូវយកទៅដាក់លើគ្រែក្រោមផ្ទះឪពុកម្តាយរបស់គេ (ក្មេងរងគ្រោះ)។

ក្រោយកើតហេតុ អ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះខាងលើពិតជាស្លាប់ដោយសាររលំទ្វារសង្កត់ប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕

RELATED ARTICLES