ខេត្តក្រចេះ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្ទាក់ចាប់បាន ខណៈពួកគេបើកឡានដើរលួចក្របីអ្នកភូមិ រួចដឹករត់គេចចេញពីមូលដ្ឋាន តែរត់មិនរួច។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិសាស្ត្រឃុំសោប ស្រុកព្រែកប្រសព្វ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះសន ឈាត ភេទប្រុស អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះគុជ សុភី មានលំនៅភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បានមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយបន្ទាយ ថា គាត់បានបាត់ក្របីញីចំនួន៣ក្បាល កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដែលបានចងទុកក្រោយខ្ទមស្រែ ចម្ងាយប្រហែល១៥០ម៉ែត្រ នៅចំណុចស្រែថ្មី ក្រោយភូមិកំពង់ដ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការនគរបាលស្រុក បានចាត់កម្លាំងគ្រប់ប៉ុស្តិ៍ឱ្យដឹកនាំកម្លាំងប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក។ លុះដល់ម៉ោង៩និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងស្នាក់ការកំពែង ក្នុងឃុំព្រែកប្រសព្វ បានប្រទះឃើញរថយន្តមួយគ្រឿង មានតម្រុយសង្ស័យថា ជារថយន្តដឹកក្របីក៏ហៅឱ្យឈប់ តែរថយន្តនោះមិនព្រមឈប់ ហើយព្យាយាមបើករត់គេច ក៏ត្រូវកម្លាំងនគរបាលដេញតាមពីក្រោយ រហូតដល់ឃាត់ខ្លួនបាន មនុស្ស២នាក់ នៅចំណុចមុខផ្ទះលោកឧកញ៉ា លឹម ប៊ុណ្ណា ក្នុងភូមិសាស្ត្រឃុំសោប ស្រុកព្រែកប្រសព្វ។
សមត្ថកិច្ចឱ្យដឹងដែរថា ជនសង្ស័យទាំងពីរនាក់ដែលត្រូវសមត្ថកិច្ចក្របួចជាប់នេះ រួមមាន ទី១-ឈ្មោះយឺត ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកន្ត្រីង សង្កាត់អូរឫស្សី ក្រុងក្រចេះ និងទី២-ឈ្មោះចាន់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

ចំណែករថយន្តដែលដឹកក្របីនោះ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២,៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B-១២៦២ និងក្របីញី៣ក្បាលនៅលើរថយន្ត។
ជនសង្ស័យជាមុខសញ្ញាចោរលួចក្របីនេះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការ បន្តតាមច្បាប់៕