ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។ ស្ត្រីខាងលើត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីសង្ស័យឈ្មោះអៀ សុខជា អាយុ៣៦ឆ្នាំ មុខរបរគណនេយ្យ ស្នាក់នៅផ្ទះលេខ១២អ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦៣១ (ប) ដ.ច.ន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចេញដោយលោកហុង សុគុណវឌ្ឍនា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ពិសេស ដោយអភិបាល ឬបុគ្គលផ្សេងទៀត ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចសហគ្រាស លូស៊ីដា (ខេមបូឌា) អេនធើប្រាយ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយឃាត់ខ្លួន ស្ត្រីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំបែបបទបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ប្រគល់ជូនចៅក្រមរួចហើយ ដើម្បីចាត់ការបន្តតាមនីតិវិធី៕