ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់សម្បុរសម្នាក់ បានលង់ស្នេហ៍បុរសស្បែកខ្មៅម្នាក់អស់រយៈពេលជាង១ឆ្នាំមកហើយ លុះក្រោយពីរួមរស់នឹងគ្នា ទើបដឹងថា ប្រុសស្នេហ៍ខ្មៅទាំងរូបខ្មៅទាំងចិត្ត ចេះតែប្រើអំពើហិង្សាវាយដំច្រំធាក់នាងគ្មានអាសូរ ធ្វើឱ្យជីវិតរស់នៅជួបតែទឹកភ្នែក រហូតដល់ទ្រាំលែងបានក៏រត់មករកជំនួយពីអាជ្ញាធរមូលដ្ឋាន ប្តឹងសុំផ្តាច់ស្នេហ៍ពីប្រុសខ្មៅតែម្តង។

ករណីនារីវ័យក្មេងរត់មកប្តឹងសុំអន្តរាគមន៍រឿងគូស្នេហ៍ស្បែកខ្មៅ វាយដំរាល់ថ្ងៃស្ទើរទក់សាច់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
នារីវ័យក្មេងដែលរត់មកប្តឹងសុំផ្តាច់ស្នេហ៍ពីសង្សារស្បែកខ្មៅរបស់ខ្លួននេះ មិនត្រូវបានបង្ហាញប្រាប់ពីអត្តសញ្ញាណរបស់នាងនោះឡើយ គ្រាន់តែប្រាប់ថា នាងមានអាយុ២០ឆ្នាំ។ ចំណែកភាគីបុរសជាគូស្នេហ៍ មានឈ្មោះ CHIMIRI DARAKA ជាជនជាតិអាហ្វ្រិក (ស្បែកខ្មៅ)។ គូស្នេហ៍ខុសសម្បុរខាងលើនេះ សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នាងបានជួបជំពាក់ស្នេហ៍ ជាមួយបុរសជនជាតិបរទេសស្បែកខ្មៅជនជាតិអាហ្វ្រិក ឈ្មោះ CHIMIRI DARAKA អស់រយៈកាលជាង១ឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែសម្ព័ន្ធភាពស្នេហារបស់ពួកនាងហាក់បីដូចជាមិនចុះសម្រុងនឹងគ្នាសោះ ដោយសារតែខាងប្រុសមានចិត្តប្រចណ្ឌខ្លាំង និងចូលចិត្តប្រើអំពើហិង្សាដាក់នាងជាញឹកញាប់ ពោលគឺធ្វើបាបទាំងផ្លូវកាយទាំងផ្លូវចិត្ត។
នារីខាងលើ បន្តថា ដោយសារតែទង្វើរបស់សង្សារស្បែកខ្មៅនេះហាក់កាចៗពេក ទើបកន្លងមក នាងធ្លាប់រត់គេចមួយរយៈមកហើយ តែក្រោយមកដោយសារខាងប្រុសចេះតែតាមលួងលោមខ្លាំងពេក ទើបធ្វើឱ្យនាងទន់ចិត្តព្រមត្រូវគ្នាវិញ និងបានមកស្នាក់នៅជាមួយគ្នាអស់រយៈពេល២ខែមកហើយ ស្រាប់តែប្រុសស្នេហ៍មិនចោលចរិតនៅតែប្រើហិង្សាដាក់នាងដដែល រហូតដល់នាងទ្រាំលែងបាន ទើបនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នាងក៏សម្រេចចិត្តរត់មកប្តឹងអាជ្ញាធរសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍តែម្តង ក្នុងបំណងសុំផ្តាច់ស្នេហ៍ពីសង្សារស្បែកខ្មៅនេះហើយ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះខាងលើរួចមក អាជ្ញាធរនឹងកោះហៅបុរសស្បែកខ្មៅ ជាគូស្នេហ៍រូបនោះមកសាលាសង្កាត់ចោមចៅ៣ ដើម្បីជួបដោះស្រាយគ្នា៕