ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវតែម្នាក់ឯងសុខៗ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងឡើងកញ្ចាស់ សឹងលែងចង់ទៅមុខ មកកាក់ស្ទាក់ឱ្យស្ត្រីរូបនោះឈប់រួចធ្វើសកម្មភាពវ៉ៃសំពងចំកណ្តាលក្បាល និងសម្លុតគំរាមប្លន់យកម៉ូតូថ្មីរបស់ស្ត្រីរងគ្រោះទៅបាត់ ដោយប្តូរទុកម៉ូតូកញ្ចាស់ឱ្យស្ត្រីរងគ្រោះជិះទៅផ្ទះវិញ។

ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ។
ជនសង្ស័យដែលជិះម៉ូតូកញ្ចាស់មកវាយប្លន់យកម៉ូតូថ្មីពីស្ត្រីម្នាក់ រួចទុកម៉ូតូកញ្ចាស់របស់ខ្លួននៅនឹងកន្លែង ដើម្បីទុកឱ្យស្ត្រីរងគ្រោះជិះទៅផ្ទះវិញ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែតាមការអះអាងរបស់ស្ត្រីរងគ្រោះជនសង្ស័យរូបនោះមានវ័យប្រមាណ៣០ឆ្នាំ។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះសាយ ស្រីមុំ អាយុ៣៧ឆ្នាំ មានលំនៅក្នុងក្រុមទី៤ ភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ។ រីឯម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង ១AD-២១៨៨។
តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ធ្វើដំណើរតែម្នាក់ឯងនៅតាមផ្លូវ ស្រាប់តែពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់មានអាយុប្រមាណ៣០ឆ្នាំ ជិះ ម៉ូតូកញ្ចាស់១គ្រឿង មកកាក់ពីមុខម៉ូតូរបស់គាត់ រួចក៏ធ្វើសកម្មភាពវាយតប់មកលើគាត់ចំកណ្តាលក្បាលបណ្តាលឱ្យរងរបួសបែកក្បាល បន្ទាប់មកជនសង្ស័យបានគំរាមមិនឱ្យគាត់ស្រែក ហើយក៏ដណ្តើមយកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ ដោយបន្សល់ទុកម៉ូតូកញ្ចាស់មួយគ្រឿងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានអូសយកម៉ូតូកញ្ចាស់របស់ជនសង្ស័យទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕