ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពលួចកាច់សោរកម៉ូតូនៅចំណុចមន្ទីរពេទ្យមួយកន្លែង តែមិនបានសម្រេច ព្រោះត្រូវសន្តិសុខឃើញទាន់ស្ទុះទៅប្រតាយប្រតប់គ្នា ជាហេតុធ្វើឲ្យជនសង្ស័យខឹងក៏ដកកាំភ្លើងបាញ់១គ្រាប់ឡើងលើ គំរាមដើម្បីរំដោះខ្លួន។

ករណីចោរកាច់កម៉ូតូ ផ្ទុះអាវុធគំរាមសន្តិសុខខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខមន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់សោរក តែមិនបានសម្រេច ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AC-4489 ជារបស់ជនរងគ្រោះម្នាក់ ដែលបានមកមើលថែប្រពន្ធរបស់ខ្លួនដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យខាងលើ។ ចំណែកក្រុមជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកនិងស្លាកលេខ ក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោលអស់។

តាមប្រភពពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះម៉ូតូមកចតនៅខាងមុខមន្ទីរសម្រាកព្យាបាលសុខាទំនប់ថ្មី រួចក៏ឡើងទៅមើលថែប្រពន្ធរបស់ខ្លួនដែលសម្រាលកូននៅខាងលើ។

ចំណែកគាត់ជាសន្តិសុខនៅយាមប្រចាំការខាងមុខនោះដែរ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ គ្រាន់តែគាត់ភ្លេចខ្លួនបន្តិច ក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មកឈប់ក្បែរនោះ រួចធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ជនរងគ្រោះ តែត្រូវគាត់ជាសន្តិសុខប្រទះឃើញ ក៏ស្ទុះទៅប្រតាយប្រតប់ ធ្វើឲ្យជនសង្ស័យខឹងក៏ដកកាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក បាញ់មួយគ្រាប់ឡើងលើគំរាមនិងរំដោះខ្លួន រត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុភ្លាមតែម្ដង៕