ខេត្តកណ្តាល ៖ ក្នុងបុរីមួយដែលមានសន្តិសុខយាមត្រឹមត្រូវ តែពួកគាត់ដើរល្បាតតែខាងមុខ មិនទៅខាងក្រោយ ដែលជាឱកាសល្អធ្វើឱ្យក្រុមចោរចូលលួចគាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ លុយកាក់អស់រាប់ម៉ឺនដុល្លារ ហើយគេចខ្លួនបាត់ ដោយមិនរំខានក្រុមសន្តិសុខបុរីពិភពថ្មី ក្រុងតាខ្មៅ ឡើយ។

ករណីចោរគាស់ផ្ទះលួចទ្រព្យនេះ បានកើតឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១១ ផ្លូវលេខ ១A បុរីពិភពថ្មី២ ក្រុម៤១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះក្នុងករណីចោរកម្មនេះ មានឈ្មោះអាង ឌី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរដូរលុយ មានលំនៅភូមិសង្កាត់កើតហេតុ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

ក្នុងហេតុការណ៍នេះ បាត់បង់ទ្រព្យសម្បត្តិ រួមមាន ទូរទស្សន៍២គ្រឿង (LED ទំហំ៤២អ៊ីង) ទូដែក១ ក្នុងនោះ មានលុយចំនួន៤២.០០០ដុល្លារ។ កុំព្យូទ័រ Lap Top ២គ្រឿង ខ្សែកប្លាទីនទម្ងង់៥ជី ចំនួន១ខ្សែ ខ្សែកមាស២ខ្សែ ទម្ងង់៣តម្លឹង រួមនឹងឯកសារមួយចំនួន។

ប្រភពឱ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក ជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានចាក់សោផ្ទះមុខ ក្រោយ ហើយចាកចេញទៅស្រុកកំណើត ដោយគ្មានអ្នកនៅចាំផ្ទះឡើយ។ លុះដល់យប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ទើបត្រឡប់មកពីស្រុកវិញ ចាក់សោផ្ទះខាងមុខ ស្រាប់តែឃើញសម្ភារៈក្នុងផ្ទះរប៉ាត់រប៉ាយ បាត់ទូរទស្សន៍ ក៏ដើរមកមើលខាងក្រោយ ឃើញរបើកបង្អួច លុះមើលក្នុងបន្ទប់ឃើញរបើកទូកកាយរើសខោអាវពាសពេញបន្ទប់ និងបាត់ទូដែកដែលមាន ទ្រព្យសម្បត្តិដូចមានខាងលើ ទើបជនរងគ្រោះបានទូរស័ព្ទរាយការណ៍ទៅលោកអធិការនគរបាលក្រុងតាខ្មៅ បញ្ជាមកប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកជនសង្ស័យ ចាត់ការតាមនីតិវិធី។
ផ្ទះជនរងគ្រោះជាប្រភេទផ្ទះវីឡាកូនកាត់ មានទំហំ៤.១គុណនឹង១២ម៉ែត្រ មាន២ជាន់ ដោយជាន់ខាងលើ មាន២បន្ទប់ ជាន់ក្រោមមានបន្ទប់ទឹកមួយ ខាងក្រោយផ្ទះសល់ដី៥ម៉ែត្រ មានរបងកម្ពស់២ម៉ែត្រ។

ចំណែកខាង ក្រៅរបងផ្ទះខាងជើង ដែលស្ថិតនៅខាងក្រោយផ្ទះវិញ ជាដីវាលនិងដីព្រៃ មានទំហំប្រហែល១០ហិកតារ ងាយស្រួលឱ្យក្រុមជនសង្ស័យចូលធ្វើសកម្មភាព។ រីឯក្នុងបុរី មានសន្តិសុខ យាមត្រឹមត្រូវ តែពួកគាត់ដើរល្បាតតែខាងមុខផ្ទះប៉ុណ្ណោះ មិនបានដើរទៅខាងក្រោយផ្ទះ នោះឡើយ ហើយម៉្យាងទៀត ជុំវិញផ្ទះជនរងគ្រោះ គ្មានបំពាក់កាមេរ៉ាសុវត្ថិភាពនោះ ទេ។ ករណីនេះ ប៉ូលិសកំពុងស្រាវជ្រាវ៕