Wednesday, November 26, 2025
Homeព័ត៌មានជាតិប្តីក្មេងអាយុ៣២ ប៉ះប្រពន្ធចាស់អាយុ៤២ ផ្អើលពេញផ្សារពោធិ៍ចិនតុង

ប្តីក្មេងអាយុ៣២ ប៉ះប្រពន្ធចាស់អាយុ៤២ ផ្អើលពេញផ្សារពោធិ៍ចិនតុង

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានទាក់ទងស្នេហាជាមួយបុរសម្នាក់ដែលមានវ័យក្មេងជាខ្លួនដល់ទៅ១០ឆ្នាំ និងជាមនុស្សកំពូលប្រចណ្ឌចេះតែរករឿងចោទប្រកាន់ថាប្រពន្ធលួចលាក់មានប្រុសថ្មី សូម្បីតែប្រពន្ធចូលផ្សាររកទិញម្ហូបយូរពេក ក៏ចូលទៅតាមរករឿងចោទថាប្រពន្ធសម្ងំជួបប្រុស រួចស្ទុះចាប់បោចសក់វាយសំពងប្រពន្ធទាំងក្នុងចំណោមមនុស្សកណ្តាលផ្សារ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍។

ករណីអំពើហិង្សា ប្តីប្រចណ្ឌប្រពន្ធរហូតដល់ផ្ទុះកំហឹងចាប់បោចសក់វ៉ៃប្រពន្ធកណ្តាលផ្សារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងផ្សារពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

ភាគីបុរសជាប្តីដែលផ្ទុះភ្លើងប្រចណ្ឌចាប់វាយប្រពន្ធនៅចំពោះមុខមនុស្សម្នាកណ្តាលផ្សារខាងលើនេះ មានឈ្មោះវ៉ៃ យ៉ាងប៊ិន អាយុ៣២ឆ្នាំ មុខរបរដើរទិញអេតចាយ សព្វថ្ងៃស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ចំណែកភាគីខាងស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះង៉ែត សារ៉ាត់ អាយុ៤២ឆ្នាំ មុខរបរលក់គ្រឿងក្រអូប រស់នៅជាមួយកូនក្នុងភូមិប៉ប៉្រកជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ តែ២ទៅ៣ថ្ងៃទើបបានទៅជួបប្តីនៅភូមិកោះនរាម្តង និងមានស្រុកកំណើតនៅភូមិឡូរី ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយកូន២ (ប្រុស១ ស្រី១) និងបានជួបស្គាល់ រហូតដល់លង់ស្រឡាញ់គ្នាជាមួយបុរសខាងលើ (ប្តីហេងស៊យ) អស់រយៈពេលជាង១ឆ្នាំមកហើយ ដោយលោកប្តីជាអ្នកដើរទិញអេតចាយ ចំណែកគាត់ជាអ្នកលក់គ្រឿងក្រអូប។

ស្ត្រីរងគ្រោះបានបន្តថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ជីវិតគ្រួសារគាត់ហាក់ពុំសូវចុះសម្រុងគ្នាដោះ ដោយសារតែគាត់មានវ័យចំណាស់ទៅហើយ រីឯលោកប្តីវ័យនៅក្មេង ប៉ុន្តែមានចិត្តប្រចណ្ឌខ្លាំង​ មិនតែប៉ុណ្ណោះប្តីនេះមិនស្រឡាញ់ចូលចិត្តកូនៗទាំង២នាក់របស់គាត់នោះឡើយ និងថែមទាំងចង់ឱ្យគាត់ផ្តាច់ទំនាក់ទំនងពីកូនទាំង២នាក់ ទៅដេករួមរស់ជាមួយគ្នាតែ២នាក់ប្តីប្រពន្ធ ប៉ុន្តែគាត់មិនព្រម ព្រោះម្តាយឯណាផ្តាច់មនោសញ្ចេតនាទំនាក់ទំនងពីកូនខ្លួនឯងទៅរួចនោះ។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ គាត់បានទៅជួបប្តីនៅឯភូមិកោះនរា ដើម្បីបំពេញបំណងលោកប្តី។ លុះមកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលជាថ្ងៃកើតហេតុ គាត់បានសុំប្តីវិលមកផ្ទះកូនវិញ ធ្វើឱ្យប្តីខឹងនិងមិនព្រមឱ្យគាត់មកម្នាក់ឯងទេ សុខចិត្តជិះម៉ូតូឌុបគាត់មកវិញ លុះពេលធ្វើដំណើរមកដល់ផ្សារពោធិ៍ចិនតុង គាត់ក៏ប្រាប់ឱ្យប្តីឈប់ចូលផ្សាររកទិញម្ហូប និងសាច់ជ្រូកផ្ញើកូនសិន ស្រាប់តែពេលគាត់ដើរចូលផ្សារ មិនទាន់ទិញអីបានផង ស្រាប់តែលោកប្តីដើរចូលទៅតាម ចោទថាគាត់ចូលផ្សារយូរសម្ងំជួបប្រុសសហាយ រួចក៏ស្រែកឡូឡានិងចាប់បោចសក់គាត់ យកមួកសុវត្ថិភាពវាយគាត់បណ្តាលឱ្យប៉ោងក្បាលពីក្រោយ ធ្វើឱ្យផ្អើលឆោឡោពេញផ្សារ និងមានអ្នករាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍បញ្ឈប់ប្រើអំពើហិង្សា។

ដោយឡែក តាមសម្តីបុរសជាប្តីវិញបានប្រាប់ឱ្យដឹងយ៉ាងខ្លីថា ២ទៅ៣ថ្ងៃទើបប្រពន្ធមកជួបខ្លួនជាប្តីម្តង សង្ស័យតែមានប្រុសថ្មីហើយ ណាមួយពេលឃាត់ឱ្យនៅជាមួយប្តីដើររកទិញអេតចាយទាំងអស់គ្នា តែប្រពន្ធមិនព្រម និងថែមទាំងមាត់រឹងទៀត ទើបគាត់ខឹងពេកទប់មិនជាប់ក៏កើតរឿងបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំភាគីប្តីប្រពន្ធទាំង២នាក់ ទៅធ្វើការអប់រំនៅប៉ុស្តិ៍ បន្ទាប់មកខាងស្រីមិនចង់ឱ្យមានរឿងវែងឆ្ងាយ ក៏សុំត្រឹមថាឈប់ទាក់ទងផ្តាច់សម្ព័ន្ធស្នេហ៍ជាមួយបុរសដើរទិញអេតចាយនេះចាប់ពីពេលនេះតទៅ រួចក៏ធ្វើកិច្ចសន្យាមិនឱ្យកើតមានអំពើហិង្សា ព្រមទាំងមិនប្តឹងផ្តល់អ្វីទៀតទេចំពោះករណីបោចសក់វាយប្រពន្ធកណ្តាលផ្សារនោះ បន្ទាប់មកភាគីទាំងពីរក៏ចាកចេញទៅផ្ទះវិញរៀងៗខ្លួន៕

RELATED ARTICLES