Wednesday, November 26, 2025
Homeព័ត៌មានជាតិចប់១តង់ ចូល១តង់ទៀតមិនហៅ សង្ស័យនាំគ្នាក្បត់ ប្រាវតែម្តង

ចប់១តង់ ចូល១តង់ទៀតមិនហៅ សង្ស័យនាំគ្នាក្បត់ ប្រាវតែម្តង

ខេត្តកណ្តាល ៖ បុរសជាកម្មករសំណង់ចំនួន៤នាក់ បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏បែកផ្លូវគ្នាអស់ លុះក្រោយមកបុរស៣នាក់បាននាំគ្នាផឹកស៊ីបន្តដោយមិនបានហៅមិត្តភក្តិម្នាក់ទៀតមកចូលរួមនោះទេ ទើបធ្វើឱ្យយុវជនរូបនោះផ្ទុះកំហឹងក៏ទៅរករឿងជេរប្រមាថ រួចទាញដំបងដែកវាយសំពងទៅលើបុរសម្នាក់ក្នុងចំណោមនោះ បណ្តាលឱ្យរងរបួស ទើបធ្វើឱ្យភាគីម្ខាងទៀតទប់កំហឹងមិនបានក៏ទាញកាំបិតប៉័ងតោព្រួតគ្នាកាប់ទៅលើគូទំនាស់ចំនួន២កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

ជនរងគ្រោះដែលត្រូវគេព្រួតកាប់២កាំបិត មានឈ្មោះអឿន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

ចំណែកក្រុមជនសង្ស័យ មានចំនួន៣នាក់ រួមមាន ៖

ទី១-ឈ្មោះសែន ពៅ ហៅប៉ិច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។
ទី២-ឈ្មោះគា ឡា ហៅគោ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។
និងទី៣- ឈ្មោះគា លី ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

រីឯវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន កាំបិតប៉័ងតោ២ដើម (ជារបស់ជនសង្ស័យ) ទូរស័ព្ទដៃ៣គ្រឿង (ជារបស់ជនសង្ស័យ) និងដែកមូល១ដើម (ជារបស់ជនរងគ្រោះ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនសង្ស័យទាំង៣នាក់ សរុបមានគ្នា៤នាក់ បានជួបជុំគ្នាផឹកស្រាថ្នាំអស់ចំនួន១លីត្រ រួចក៏បែកចែកផ្លូវគ្នាវិញអស់ទៅ។

លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យនិងបក្ខពួកបានទៅអង្គុយផឹកស្រានៅកន្លែងផ្សេងទៀត ដោយមិនបានហៅជនរងគ្រោះទៅផឹកជាមួយនោះទេ ជាហេតុធ្វើឱ្យជនរងគ្រោះផ្ទុះកំហឹងខឹងថាក្រុមជនសង្ស័យផឹកស៊ីក្បត់ខ្លួន (អត់ហៅ) ក៏បានទៅតាមរករឿងជេរប្រមាថ និងយកដែកមូល១ដើម ទៅវាយលើជនសង្ស័យឈ្មោះគា ឡា ហៅគោ ចំនួន២ដែកចំស្មា ពេលនោះជនសង្ស័យនិងបក្ខពួក ខឹងក៏ព្រួតគ្នាយកកាំបិតប៉័ងតោទៅកាប់លើជនរងគ្រោះចំនួន២ប៉័ងតោចំស្មា និងខ្នងខាងស្តាំដេរ១៧ថ្នេរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសែន ពៅ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានកាប់ទៅលើជនរងគ្រោះឱ្យរងរបួសពិតមែន ដោយសារខឹងជនរងគ្រោះមកវាយលើបក្ខពួកខ្លួនមុន។

ករណីនេះ កម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES