ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍ទឹកថ្លា បានសហការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូ និងកាបូបលុយរបស់នារីម្នាក់បានសម្រេច ហើយគេចខ្លួនបាន១២ម៉ោង។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ប៉ូលិសធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួលតាមបណ្តោយផ្លូវបេតុង ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកសុខ សុផល នាយនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកថ្លា បានឱ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះសុខ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ នារីរងគ្រោះមានឈ្មោះ តឿ ចាន់ទី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ។

លោកនាយប៉ុស្តិ៍ បានឱ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ភ្លាមៗនោះលោកបានរាយការណ៍ជូនថ្នាក់លើ ហើយក៏មានការដឹកនាំដោយលោកគួច សុភា អធិការរងខណ្ឌសែនសុខ តំណាងលោកអធិការខណ្ឌ រួមសហការជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ ១AX-៧៤២១ ជារបស់ជនរងគ្រោះយកមកប្រគល់ជូនម្ចាស់វិញ។

ដោយឡែក សម្ភារបាត់បង់មានទូរស័ព្ទដៃ២គ្រឿង កាបូបស្ពាយ១, ចិញ្ចៀន១វង់, លុយ១០០ដុល្លារ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឱ្យមន្ត្រីជំនាញសួរនាំ និងកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕
