Wednesday, November 26, 2025
Homeព័ត៌មានជាតិប្រពន្ធគ្រាន់តែមកឃើញប្តី យំឱប ស្តាយទើបតែរៀបការបាន១ខែសោះ

ប្រពន្ធគ្រាន់តែមកឃើញប្តី យំឱប ស្តាយទើបតែរៀបការបាន១ខែសោះ

ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងរៀបការបានជាង១ខែ បានចុះទៅងូតទឹកស្រះមិនប្រយ័ត្នលង់ទឹកស្លាប់ ធ្វើឱ្យស្ត្រីជាប្រពន្ធទួញយំបោកខ្លួនស្តាយប្តី មិនគួរអាយុខ្លីបែបនេះសោះ ស្រណោះណាស់…។

ករណីលង់ទឹកស្លាប់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវាលម៉ុងកប់ខ្មោច ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះសេក ធុន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនៅក្នុងបុរី ឡុង ទិត្យ ទើបមកស្នាក់នៅផ្ទះជួលជាមួយប្រពន្ធ ឈ្មោះឈៀក ឡា អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រស្បែកជើង នៅបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិធ្លក ឃុំចន្ទ្រា ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសាច់ញាតិបានឱ្យដឹងថា បុរសរងគ្រោះខាងលើទើបរៀបការបានជាង១ខែ មានប្រពន្ធជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលក្នុងបុរីសែនមនោរម្យ ហើយជនរងគ្រោះក៏ទើបសុំការងារសំណង់បានធ្វើកន្លះខែនេះទេ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅពេលព្រឹកជនរងគ្រោះមកធ្វើការងារ បាយទឹកថ្ងៃត្រង់ ជាមួយសាច់ញាតិ និងកម្មករដូចគ្នា ក្នុងការដ្ឋានសំណង់ក្បែរនោះ។ ក្រោយសម្រាកការងារហូបបាយថ្ងៃត្រង់រួច បានប្រាប់បងប្អូនថា ទៅងូតទឹកស្រះនៅចំណុចមុខម៉ុងខ្មោច ព្រោះជនរងគ្រោះ មានពេលទំនេរច្រើន។

ប្រភពបន្តទៀតថា លុះដល់វេលាម៉ោង២រសៀលទៅហើយ មិនឃើញជនរងគ្រោះចូលធ្វើការងារ ទើបកម្មករនាំគ្នាដើរស្វែងរក លុះទៅមើលកន្លែងដែលជនរងគ្រោះធ្លាប់ចុះងូតទឹក ឃើញតែស្បែកជើង ខោអាវ តែមិនឃើញមនុស្ស កើតការសង្ស័យក៏នាំគ្នាចុះរាវក្នុងទឹកស្រះជម្រៅលិច ក្បាល ស្រាប់តែប្រទះឃើញសពជនរងគ្រោះក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើលនាំគ្នាស្រង់ឡើងគោក រាយការណ៍ប្រាប់អាជ្ញាធរចុះទៅពិនិត្យជាក់ស្តែង។

អ្វីដែលគួរឱ្យសង្វេគ គឺនារីជាប្រពន្ធ បន្ទាប់ពីដឹងថាប្តីលង់ទឹកស្លាប់ បានមកទួញយំឱបសពនិងយំបោកខ្លួនស្តាយស្រណោះអាឡោះអាល័យប្តីដែលទើបរៀបការបានជាង១ខែ បែរជាត្រូវបែកគ្នាគ្មានថ្ងៃជួបវិញបែបនេះ។

ក្រោយពិនិត្យសពរួច សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តតាភេម សង្កាត់កំបូល ខណ្ឌកំបូល ជាបណ្តោះអាសន្ន ដើម្បីបងប្អូនមូលជុំគ្នាដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី៕

RELATED ARTICLES