ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងមូលដ្ឋាន បានឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រកបអាជីវកម្មជួញដូរផ្លូវភេទ (សេវាស្រួល) របស់ជនបរទេសមួយកន្លែង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបជា៣០នាក់ សុទ្ធសឹងជាជនបទេសនាំយកទៅសាកសួរ។

ប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់បម្រើសេវាស្រួលខាងលើនេះ បានធ្វើឡើងកាលពីវេលាយប់ថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចទីតាំងលួចប្រកបអាជីកម្មជួញដូរផ្លូវភេទរបស់ជនបរទេសមួយកន្លែង ត្រង់ចំណុចភ្នំខៀវ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការនេះចូលរួមពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងដឹកនាំសម្របសម្រួលផ្លូវច្បាប់ពីលោកលឹម ប៊ុនហេង ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

ប្រភពដដែលបន្តថា ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបជាង៣០នាក់ ដែលសុទ្ធសឹងតែជាជនបទេស ក្នុងនោះ មានទាំងជនជាតិចិន ជនជាតិវៀតណាម និងជនជាតិរុស្សីជាដើម។

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្នុងនោះក្រៅពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធច្រើននាក់ នគរបាលដកហូតវត្ថុតាងមួយចំនួន ហើយទីតាំងអាជីវកម្មជួញដូរផ្លូវភេទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាឱ្យបិទផងដែរ។

ដោយឡែក មនុស្សប្រុសស្រីទាំងជាង៣០នាក់ ដែលឃាត់ខ្លួនបាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី៕